Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី២៩ របស់ក្រុមជំនាញការផ្នែកបរិស្ថាន (ថ្ងៃទី ០១-០២ ខែកក្កដា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) បានរៀបចំ និងដំណើរការកិច្ចប្រជុំថ្នាក់តំបន់លើកទី២៩ របស់ក្រុមជំនាញការផ្នែកបរិស្ថាន តាមប្រព័ន្ធវីដេអូ ស្តីពី ការរិះរកថវិកា និងផែនការប្រតិបត្តិ និងគ្រប់គ្រង សម្រាប់ទ្រព្យសម្បត្តិបរិស្ថានដែលមានសារៈសំខាន់កម្រិតតំបន់ ក្រោមអធិបតីភាព និងដឹកនាំពិភាក្សារបស់ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ហាក់ សុជាតិ ប្រធានផ្នែកបរិស្ថាន នៃ MRCS និងមានសមាជិកចូលរួមពីក្រុមជំនាញការអន្តរក្រសួងផ្នែកបរិស្ថាន នៃបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (MRC) ទាំងបួន បុគ្គលិកផ្នែកបរិស្ថាន នៃ MRCS អ្នកសង្កេតការមកពី GIZ, SEI, UNEP, World Bank, ADB, IUCN, CI, WWF, FFI, UNDP, FAO និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

សមាសភាពក្រុមជំនាញការអន្តរក្រសួងផ្នែកបរិស្ថានពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់តំណាងនាយកដ្ឋានអភិរក្សតំបន់ដីសើមទន្លេសាប និងនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ មន្រ្តីបង្គោល នៃ GEF និងមន្រ្តីបង្គោល នៃ GCF  នៃក្រសួងបរិស្ថាន តំណាងរដ្ឋបាលជលផល និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអាជ្ញាធរទន្លេសាប និងមន្រ្តី នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក.។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីធ្វើការបង្ហាញជូន ពិភាក្សា និងទទួលបាននូវមតិយោបល់ អនុសាសន៍ និងការណែនាំលើ៖

1. អភិក្រមទាំងមូលនៃការរិះរក និងប្រើប្រាស់ធនធានសម្រាប់បណ្តាគម្រោង នៃផែនការសកម្មភាពផ្អែកលើគម្រោង (PBAP Projects) និងគម្រោងសហប្រតិបត្តិការពាក់ព័ន្ធផ្សេងៗទៀត ដើម្បីសម្រេចបាននូវគោលបំណង នៃផែនការអភិវឌ្ឍន៍អាងទន្លេ (BDS) យុទ្ធសាស្រ្តស្តីពី ការគ្រប់គ្រងបរិស្ថានក្នុងទូទាំងអាងទន្លេ (SBEM) ផែនការយុទ្ធសាស្រ្ត និងសកម្មភាពបន្ស៊ាំមេគង្គ (MASAP) និងផែនការសូចនាករថ្នាក់ជាតិ (NIPs) និង

2. អភិក្រម និងវិធីសាស្រ្តដែលបានស្នើ សម្រាប់ទ្រព្យសម្បត្តិបរិស្ថានមានសារៈសំខាន់កម្រិតតំបន់ ដែលជាអាទិភាព (គម្រោងទី៤ នៃ PBAP)។

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើឯកសារសំខាន់ពីរគឺ៖

- សេចក្តីព្រាងឯកសារទស្សនទានស្តីពី កម្មវិធីសហប្រតិបត្តិការកម្រិតតំបន់ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ ឆ្នាំ២០២១-២០៣០ និង

- សេចក្តីព្រាងគោលការណ៍ណែនាំ វិធីសាស្រ្ត និងគំរូ (Template) សម្រាប់ការកសាងផែនការគ្រប់គ្រងទ្រព្យសម្បត្តិបរិស្ថានមានសារៈសំខាន់កម្រិតតំបន់។

អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីកិច្ចការបន្ត៕