Developed by Khmer Focus

កិច្ចប្រជុំលើកទី៥២ គណៈកម្មាធិការរួម MRC និងកិច្ចប្រជុំលើកទី២៥ ជាមួយដៃគូសន្ទនា (ថ្ងៃទី ១៦-១៧ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ  អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​សមាជិកគណៈកម្មាធិការរួម MRC តំណាងកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា រួមមានមន្ត្រីពាក់ព័ន្ធ​តំណាងមកពីក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តជាតិ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរ៉ែ និងថាមពល និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំលើកទី៥២ គណៈកម្មាធិការរួម MRC និងកិច្ចប្រជុំលើកទី២៥ ជាមួយដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយលេខាធិការដ្ឋាន MRC នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីប្រតិភូគណៈកម្មាធិការរួម MRC នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ  និងវៀតណាម) និងប្រតិភូនៃប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ព្រមទាំងមន្ត្រីក្រុមការងារលេខាធិការដ្ឋាន MRC។

សម្រាប់កិច្ចប្រជុំលើកទី៥២ នៃគណៈកម្មាធិការរួម MRC ប្រទេសជាសមាជិក បានពិភាក្សា និងផ្តល់ការឯកភាពយល់ព្រមលើឯកសារសំខាន់ៗមួយចំនួន សម្រាប់លើកកម្ពស់កិច្ចដំណើការ និងប្រសិទ្ធភាពការងារក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យបានកាន់តែប្រសើរថែមទៀត ក៏ដូចជាដើម្បីពិនិត្យឡើងវិញស្តីពី វឌ្ឍនភាពការងារលើផ្នែកបុគ្គលិក ហិរញ្ញវត្ថុ ដំណើរការពិគ្រោះយោបល់ជាមុនសម្រាប់សំណើគម្រោងវារីអគ្គិសនី ការសិក្សារួមគ្នា និងស្ថានភាពជលសសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ បច្ចុប្បន្នភាពលើការរៀបចំយុទ្ធសាស្រ្តវារីអគ្គិសនី គោលការណ៍ណែនាំគ្រោងប្លង់បឋម និងគោលការណ៍ណែនាំសម្រាប់វាយតម្លៃផលប៉ះពាល់ឆ្លងដែន និងការរៀបចំអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន គម្រោងប្រើប្រាស់ដី និងគម្របដី។ កិច្ចប្រជុំ ក៏បានជម្រាបអំពីការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ និងកិច្ចប្រជុំកំពូល MRC លើកទី៤ និងសន្និសីទអន្តរជាតិ គ្រោងក្នុងខែមេសា ឆ្នាំ២០២៣។

សម្រាប់កិច្ចប្រជុំលើកទី២៥ ជាមួយដៃគូសន្ទនា ប្រទេសជាសមាជិក និងប្រទេសដៃគូសន្ទនា បានពិភាក្សា ចែករំលែកព័ត៌មានអំពី ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក និងស្ថានភាពជលសាស្រ្ត ក្នុងអាងទន្លេមេគង្គ ឡានឆាង។ អង្គប្រជុំ ក៏បានពិភាក្សាអំពីតម្រូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍ និងភាពចម្រុងចម្រើនរួមគ្នាប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ-ឡានឆាង៕