Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើ ឯកសារទស្សនទាន ស្តីពី ការរិះរកជម្រើសសម្រាប់យន្តការមូលនិធិមេគង្គ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​លើ ឯកសារ​ទស្សនទាន ស្តីពី ការរិះរកជម្រើសសម្រាប់​យន្តការ​មូលនិធិមេគង្គ ដោយមានការចូលរួមពីឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក. លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្ដា​គម្រោង និងកម្មវិធី លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីអញ្ជើញមកពីបណ្តាក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គោលបំណងរួមនៃកិច្ចប្រជុំគឺ ដើម្បីប្រមូលទស្សនៈ និងធាតុចូលពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ ដើម្បីឈានដល់ការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការបង្កើតមូលនិធិមេគង្គ។ រីឯគោលបំណងជាក់លាក់នៃកិច្ចប្រជុំគឺ៖ (១) ពិភាក្សាពីលទ្ធភាពសម្រាប់ការរិះរកថវិកាគាំទ្រ និងធាតុចូល ដើម្បីធ្វើការកែសម្រួលឯកសារទស្សនទានស្តីពី ការស្វែងរកជម្រើសនៃយន្តការមូលនិធិមេគង្គ តាមរយៈភាពជាដៃគូ និងប្រភពមូលនិធិផ្សេងៗទៀត (២) ប្រមូលព័ត៌មាន និងទស្សនៈស្តីពី ថវិកានៅថ្នាក់ជាតិ ឬមូលនិធិដែលបានបង្កើតឡើងក្រោមគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ឬប្រភេទថវិកានៃគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដើម្បីជួយគាំទ្រដល់ការចិញ្ចឹមជីវិតរបស់សហគមន៍ និង (៣) ពិភាក្សា និងផ្តល់យោបល់ ដើម្បីកែលម្អបញ្ជីសំណួរនៃ Monkey Survey។

កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនបីគឺ៖

១. សេចក្តីព្រាងឯកសារទស្សនទានស្តីពី ការរិះរកជម្រើសសម្រាប់យន្តការមូលនិធិមេគង្គ ដែលផ្តោតជាសំខាន់លើការរៀបចំស្ថាប័ន និងរដ្ឋបាល ប្រភពនៃថវិកា ការប្រើប្រាស់មូលនិធិ និរន្តរភាពនៃមូលនិធិ និងការត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងប្រើប្រាស់មូលនិធិជាដើម

១. សេចក្តីបញ្ជីសំណួរនៃ Monkey Survey និង

៣. ថវិកានៅថ្នាក់ជាតិ ឬមូលនិធិដែលបានបង្កើតឡើងក្រោមគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ឬប្រភេទថវិកានៃគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដើម្បីជួយគាំទ្រដល់ការចិញ្ចឹមេជីវិតរបស់សហគមន៍៕