Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការបញ្ជ្រាបយុទ្ធសាស្រ្ត និងផែនការសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់តំបន់ស្ដីពី ការបញ្ជ្រាបយុទ្ធសាស្រ្ត និងផែន​ការ​សកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ របស់គណៈកម្មការទន្លេមេគង្គ (MASAP) ទៅក្នុងគោលការណ៍ណែនាំស្តីពី ការបន្ស៊ាំនឹងភាពរាំងស្ងួត របស់គណៈកម្មការទន្លេមេគង្គ (MRC) និងការធ្វើយ៉ាងណាឱ្យ MRC ត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ (The MASAP Mainstreaming into MRC Drought Adaptation Guidance, and Climate Fund Accreditation for MRC) ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាលោក Bounttien Sanaxonh ប្រធានផ្នែកផែនការ នៃ MRCS។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS អ្នកជំនាញការអន្តរជាតិផ្នែកការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ អ្នកជំនាញការអន្តរជាតិផ្នែកការធ្វើយ៉ាងណាឱ្យទទួលបានការទទួលស្គាល់ស្របច្បាប់ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ និងទីប្រឹក្សាផ្នែកការអភិវឌ្ឍនៃអង្គ GIZ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. អ្នកជំនាញការជាតិខាងផ្នែកការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

គោបំណងចំបងនៃកិច្ចប្រជុំគឺ៖

(១) ពិភាក្សាលើឯកសារបច្ចេកទេសស្តីពីការបញ្ជ្រាប MASAP ទៅក្នុងគោលការណ៍ណែនាំស្តីពីការបន្ស៊ាំនឹងភាពរាំងស្ងួតរបស់ MRC

(២) រាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាព នៃការធ្វើយ៉ាងណាឪ្យ MRC ត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ និងពិភាក្សាលើផែនការការងារសម្រាប់ដំណើរនៃការធ្វើយ៉ាងណាឪ្យ MRC ត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ

(៣) ពិភាក្សាអំពីការទទួលបាននូវលិខិតតែងតាំងសម្រាប់ដំណើរនៃការធ្វើយ៉ាងណាឪ្យ MRC ត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ, និង

(៤) ពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ការគាំទ្រដែលបានត្រៀមរួចជាស្រេច (Readiness Support) ពីមូលនិធិអាកាសធាតុបៃតង (GCF)/មូលនិធិនៃការបន្ស៊ាំ (AF)។

កិច្ចប្រជុំបានដំណើរការជាពីរសម័យប្រជុំ (Session)គឺ៖ Session ទី១ នៅពេលព្រឹក ស្តីពី “ការបញ្ជ្រាប MASAP ទៅក្នុងគោលការណ៍ណែនាំស្តីពីការបន្ស៊ាំនឹងភាពរាំងស្ងួតរបស់ MRC” ដោយផ្តោតទៅលើទិដ្ឋភាពទូទៅនៃការបញ្ជ្របា MASAPនិងការបញ្ជ្រាប MASAP ទៅក្នុងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងភាពរាំងស្ងួត របស់ MRC និង Session ទី២ នៅពេលរសៀល ស្តីពី “ការធ្វើយ៉ាងណាឪ្យ MRC ត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ” ដោយផ្តោតទៅលើ (១) ទិដ្ឋភាពទូទៅនៃការធ្វើយ៉ាងណា ដើម្បីទទួលបាន ការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ សម្រាប់ MRC ផែនការការងារ និងវឌ្ឍនភាពរបស់វា, (២) ការទទួលបានលិខិតតែងតាំង សម្រាប់ដំណើរនៃការធ្វើយ៉ាងណាឪ្យ MRC ត្រូវបានការទទួលស្គាល់ស្របច្បាប់ ក្នុងការស្នើសុំ និងការប្រើប្រាស់មូលនិធិអាកាសធាតុ, និង (៣) កាលានុវត្តភាពរបស់ MRC ក្នុងការទទួលបាន (Readiness Support) ពីមូលនិធិអាកាសធាតុ៕