Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ របស់ឡាវ (ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដំណើរ​ការកិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​លើក​ទី២ សម្រាប់​សំណើ​គម្រោង​វារី​អគ្គិសនី សាណាខាំ (SNHPP) របស់ឡាវ ក្រោម​អធិបតីភាព និងការដឹកនាំពិភាក្សាឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ សមាជិកក្រុងការងារ PNPCA របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក សមាជិកក្រុមការងារ PNPCA អន្តរក្រសួង (ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពលក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសាធារណការ និងដឹកជញ្ជូន) មន្ត្រីជំនាញនៃក្រសួងផែនការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរទន្លេសាប បុគ្គលិកជំនាញពាក់ព័ន្ធនៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ អ្នកជំនាញការជាតិ តំណាងមន្ទីរពាក់ព័ន្ធនៃបណ្តាខេត្ត បណ្តាអង្គការមិនមែនរដ្ឋាភិបាល បណ្តាសហគមន៍មូលដ្ឋាន និងបណ្តាគ្រឹះស្ថានសិក្សាស្រាវជ្រាវពាក់ព័ន្ធ។

គោលបំណងចម្បងនៃកិច្ចប្រជុំគឺ៖

(១) លើកកម្ពស់ការយល់ដឹងអំពី កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ (MA 95) នីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA) ដំណើរការពិគ្រោះយោបល់ជាមុន (PC Process) វឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ន និងបច្ចុប្បន្នភាពនៃផែនទីវិថី នៃដំណើរការពិគ្រោះយោបល់ជាមុន សម្រាប់សំណើគម្រោងវារីអគ្គិសនី សាណាខាំ (SNHPP)

(២) ផ្តល់ការយល់ដឹងបន្ថែមអំពីទិដ្ឋភាពទូទៅនៃ SNHPP និង

(៣) សិក្សា ពិនិត្យឡើងវិញលើសេចក្តីព្រាងទី២ នៃរបាយការណ៍សិក្សា ពិនិត្យបច្ចេកទេសឡើងវិញលើ សំណុំឯកសារ និងសំណើគម្រោង SNHPP ដែលបានធ្វើបច្ចុប្បន្នភាព (updated 2nd draft TRR) និងបន្តប្រមូលផ្តុំនូវមតិយោបល់ និងអនុសាសន៍នានាបន្ថែមទៀត។

អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសំណើគម្រោង SNHPP ដោយផ្តោតលើទិដ្ឋភាពបច្ចេកទេសចំនួន៧គឺ៖

(១) ជលផលសាស្រ្ត និងជលគតិ (Hydrology and Hydraulics)

(២) រំហូរកំណកកករ ល្បាប់ និងរូបសាស្រ្តទន្លេ (Sediment Transport and Geomorphology)

(៣) គុណភាពទឹក និងវារីអេកូឡូស៊ី (Water Quality and Aquatic Ecology)

(៤) ជលផល និងផ្លូវឆ្លងកាត់របស់ត្រី (Fisheries and Fish Passage)

(៥) សុវត្ថិភាពនៃទំនប់ (Dam safety)

(៦) នាវាចរណ៍ (Navigation) និង

(៧) ផលប៉ះពាល់ សេដ្ឋកិច្ច-សង្គមឆ្លងដែន (Transboundary socio-economic impacts)៕