Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការផែនការអាងទន្លេ (ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​ដំណើរ​ការ​កិច្ចប្រជុំ​ក្រុម​ជំនាញ​ការ​ផែន​ការ​អាង​ទន្លេ ដើម្បី​ពិភាក្សា និង​បញ្ចប់​កម្រង​បញ្ជី​សំណួរ សម្រាប់​ការរិះរកលទ្ធភាពក្នុងការបង្កើតមូលនីធិមេគង្គ ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាលោក Phonepaseuth Phouliphnah, អគ្គលេខាធិការស្តីទី គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ និងជាសមាជិកបម្រុងគណៈកម្មាធិការរួម គណៈកម្មការទន្លេមេគង្គ របស់ឡាវ និងសហប្រធានដោយលោក Bountien Sanaxonh ប្រធានផ្នែកផែនការ នៃ MRCS។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS និងអ្នកជំនាញការអន្តរជាតិ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក.) និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល។

គោលបំណងចម្បងនៃកិច្ចប្រជុំគឺពិភាក្សា និងបញ្ចប់នូវសេចក្តីព្រាងកម្រងសំណួរមួយចំនួន ដែលនឹងត្រូវបានប្រើប្រាស់ធ្វើការអង្កេតតាមរយៈប្រព័ន្ធអ៊ីនធើណេត (Monkey Survey) ដើម្បីប្រមូលនូវទស្សនៈ និងធាតុចូលពីបណ្តាអ្នកពាក់ព័ន្ធនានា សម្រាប់កិច្ចការនៃការរិះរកលទ្ធភាពក្នុងការបង្កើតមូលនីធិមេគង្គ។ ធាតុចូលទាំងនេះ នឹងត្រូវបានប្រើប្រាស់ និងវិភាគបន្ថែមទៀតនៅក្នុងអំឡុងពេលនៃការអនុវត្តករណីសិក្សាស្តីពីយន្តការហិរញ្ញវត្ថុ (FMCS)៕