Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិភាក្សាលើ សេចក្តីព្រាងសៀវភៅណែនាំស្តីពី ការតាមដាន និងត្រួតពិនិត្យ ផ្លូវឆ្លងកាត់របស់ត្រី (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS) បាន​ដំណើរ​ការ​កិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់​តំបន់ ដើម្បីពិភាក្សាលើ សេចក្តីព្រាង​សៀវភៅ​ណែនាំ​ស្តីពី ការតាមដាន និង​ត្រួត​ពិនិត្យ ផ្លូវឆ្លងកាត់របស់ត្រី ក្រោមអធិបតីភាព និងការដឹកនាំពិភាក្សាលោក Bounttien Sanaxonh ប្រធានផ្នែកផែនការ នៃ MRCS។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS និងអ្នកជំនាញការជាតិ និងអន្តរជាតិ។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក អ្នកជំនាញការជាតិ និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរទន្លេសាប។

គោបំណងចំបងនៃកិច្ចប្រជុំគឺ ធ្វើការបង្ហាញជូន និងពិភាក្សាបញ្ចប់នូវ សេចក្តីព្រាងសៀវភៅណែនាំស្តីពី ការតាមដាន និងត្រួតពិនិត្យ ផ្លូវឆ្លងកាត់របស់ត្រី ដែលត្រូវបានរៀបចំសម្រាប់ការប្រើប្រាស់ជាក់ស្តែងដោយមន្រ្តីជំនាញពាក់ព័ន្ធនឹងការតាមដាន និងត្រួតពិនិត្យ ផ្លូវឆ្លងកាត់របស់ត្រី។

ជាលទ្ធផល កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើទិដ្ឋភាពបច្ចេកទេសសំខាន់ពីរគឺ៖ (១) ការត្រួតពិនិត្យផ្លូវឆ្លងកាត់របស់ត្រី (Fishway Monitoring Manual) និង(២) ការតាមដានផ្លូវឆ្លងកាត់របស់ត្រី  (Fishway Inspection Manaul) ដោយបានសួរឱ្យបំភ្លឺ និងផ្តល់ជាអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានឱ្យ MRCS ធ្វើការគិតគូរពិចារណា និងកែលម្អសេចក្តីព្រាងសៀវភៅណែនាំខាងលើនេះ។

កិច្ចការបន្ត៖ MRCS នឹងធ្វើការកែសម្រួល សេចក្តីព្រាងសៀវភៅណែនាំស្តីពី ការតាមដាន និងត្រួតពិនិត្យ ផ្លូវឆ្លងកាត់របស់ត្រី តាមអនុសាសន៍នៃកិច្ចប្រជុំ និងបញ្ចប់សៀវភៅណែនាំនេះ៕