Developed by Khmer Focus

វេទិកាស្តីពី ឧបករណ៍គាំទ្រការធ្វើសេចក្តីសម្រេច (Decision Support System Tool) (ថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានរៀបចំ​វេទិកា​តាម​អនឡាញ ស្តីពី​ឧបករណ៍​គាំទ្រ​ការ​ធ្វើ​សេចក្តី​សម្រេច (Decision Support System Tool) ដែល​បង្កើត​ឡើង​ក្រោម​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ (MIWRMP3) សមាសភាគ​ទី២ ស្តីពី​ការគ្រប់គ្រង​ធនធាន​ទឹកនៅ​ភូមិ​ភាគឦសានកម្ពុជា។

ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជានាយកគម្រោង MIWRMP3 បានដឹកនាំអង្គវេទិកា និងមានការអញ្ជើញចូលរួមពីមន្រ្តីអនុវត្តន៍គម្រោង (ថ្នាក់ជាតិ និងក្រោមជាតិ) មានមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល និងតំណាងដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។

ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ទ.ម.ក ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គ.ជ.ទ.ម.ក បានមានប្រសាសន៍អំពីសារៈសំខាន់នៃអង្គវេទិកា ដែលនឹងទទួលបានមតិយោបល់ជុំវិញការយល់ដឹងអំពីសារៈប្រយោជន៍ និងការប្រើប្រាស់ DSS ក្នុងវិស័យគ្រប់គ្រង អភិវឌ្ឍន៍ កសាងផែនការធនធានទឹក និងអាងទន្លេ និងវិស័យពាក់ព័ន្ធផ្សេងទៀត ក៏ដូចទទួលបានបទពិសោធន៍ផ្សេងៗពីអ្នកពាក់ព័ន្ធ។ ឯកឧត្តម បានបញ្ជាក់ថា ដោយមានការលើកទឹកចិត្ត គាំទ្រពីថ្នាក់ដឹកនាំ ការអនុវត្តគម្រោងបានប្រព្រឹត្តទៅមកដល់ពេលនេះ ត្រូវបានកត់សម្គាល់ថា ជោគជ័យ និងសូមកោតសរសើរការអភិវឌ្ឍ DSS នេះ ដោយក្រុមទីប្រឹក្សា DHI ប្រទេសដាណឺម៉ាក និង eWater ប្រទេសអូស្រ្តាលី ដែលបានចូលរួមអនុវត្តន៍កសាងម៉ូដែល និងឧបករណ៍នេះឡើង។ ឯកឧត្តម បានជម្រាបបន្ថែមអំពី កិច្ចខិតខំអនុវត្តន៍គម្រោង ក្រោមហិរញ្ញប្បទានធនាគារពិភពលោក (WB) និងជំនួយបច្ចេកទេសរបស់ក្រុមការងារ WB ដែលតែងបានជួយកន្លងមក។ អង្គវេទិកា បានស្តាប់ការចាប់អារម្មណ៍របស់វាគ្មឹន ការធ្វើបទបង្ហាញសង្ខេបអំពីទម្រង់ DSS និងសមាសភាគនីមួយៗ ក្នុងនោះ មានប្រព័ន្ធទិន្នន័យ បណ្តុំចំណេះដឹង ការអនុវត្តម៉ូដែល និងការប្រើប្រាស់ទិន្នន័យ និងឧបករណ៍ផែនការ ការភ្ជាប់ទទួលបានទិន្នន័យមានពីស្ថានីយស្វ័យប្រវត្តិទាំង ២៨។ ការបង្ហាញអំពីប្រព័ន្ធវែបសាយ DSS បានដាក់បង្ហាញជូន រហូតដល់លទ្ធផលទទួលបានពីការដាក់ដំណើរការ DSS និងការធ្វើសេចក្តីរាយការណ៍ ដើម្បីជូនថ្នាក់ដឹកនាំពិនិត្យ និងធ្វើសេចក្តីសម្រេច។

ជាលទ្ធផល អង្គវេទិកា ទទួលបានមតិយោបល់ដោយស្ថាបនា ដើម្បី គ.ជ.ទ.ម.ក បន្តអនុវត្តន៍ការងារចំពោះមុខ ដូចជា ការបង្កើតអង្គភាព DSS ដែលមានតួនាទីសំខាន់ក្នុងការប្រតិបត្តិ និងថែទាំឧបករណ៍ អនុវត្តន៍ការងារម៉ូឌែល និងការងារកសាងផែនការ ដែលត្រូវមានមន្រ្តីស្ទាត់ជំនាញទទួលបន្ទុកជាដើម បន្តស្នើសុំទីប្រឹក្សា ដោះស្រាយលើកិច្ចការដូចជា ធានាមានកម្មវិធីពិនិត្យគុណភាពទិន្នន័យ ក្នុងករណីមានកំហុសណាមួយនៅតាមស្ថានីយ។ ធនាគារពិភពលោក បានផ្តល់មតិយោបល់ ជាមួយសំណូមពរមួយចំនួន ក្នុងន័យសហការជាមួយក្រុមទីប្រឹក្សា DHI ពង្រឹងសមត្ថភាពក្រុមការងារ និងបន្តធានាថា ឧបករណ៍អាចដំណើរការបាន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យ។ នៅក្នុងប្រសាសន៍បិទអង្គវេទិកា ឯកឧត្តមប្រធានអង្គវេទិកា បានថ្លែងអំណរគុណគ្រប់សិក្ខាកាមចូលរួមអង្គវេទិកា និងបានវាយតម្លៃលទ្ធផលអង្គវេទិកា ដែលអាចទទួលយកបាន និងគ្រប់មតិយោបល់បានលើកឡើងសមស្របឆ្លុះបញ្ចាំងការពិត ទាំងភាពប្រឈម និងភាពលំបាកដែលនឹងជួបប្រទះក្រោយអនុវត្តន៍គម្រោង។ ឯកឧត្តម ស្នើសុំក្រុមការងារគម្រោងខិតខំចាប់យកឱ្យបាន បន្តឆន្ទៈអនុវត្ត ទាញយកប្រយោជន៍គម្រោង ដើម្បីប្រើប្រាស់ក្នុងជំនាញរបស់ខ្លួន ក្លាយជាជំនាញការងារ (Master) មុខងារនីមួយៗ ដោយឯកឧត្តម បានជម្រុញលើកទឹកចិត្តបន្ថែមទៀត៕