Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការអនុវត្តរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុត្តអនុសញ្ញា (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ របស់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ស្តីពី ការអនុវត្តរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (Updated NDC) ក្រោមអធិបតីភាព និងដឹកនាំពិភាក្សារបស់ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីមន្រ្តីអន្តរក្រសួង ស្ថាប័នដែលជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWG) និងតំណាងបណ្តាដៃគូអភិវឌ្ឍន៍នានា។ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានចាត់ឱ្យចូលរួមកិច្ចប្រជុំនេះ។

គោលបំណងរួមនៃកិច្ចប្រជុំគឺស្តាប់ ផ្តល់យោបល់ និងធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២១ (NDC-2021)។

ជាលទ្ធផល អង្គប្រជុំបានស្តាប់បទបង្ហាញស្តីពី សេចក្តីព្រាងរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២១ (NDC-2021) និងបានផ្តល់យោបល់ និងអនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យរបាយការណ៍នេះឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែងនៃបណ្តាក្រសួង ស្ថាប័នជាសមាជិក។

កិច្ចការបន្ត៖

១- បណ្តាសកម្មភាពស្ថិតនៅក្រោមការរៀបចំប្រតិបត្តិការ៖

- បង្កើតក្បួនសម្រាប់បណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលស្តីពី អភិក្រមសម្រាប់ការរៀបចំ Climate smart និងការទ្រទ្រង់ជីវភាពប្រកបដោយនិរន្តរភាពដល់ប្រជាជនក្រីក្រនៅជនបទ។

២- បណ្តាសកម្មភាពដែលត្រូវផ្តួចផ្តើម៖

- កសាងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដល់បណ្តាថ្នាក់ដឹកនាំភូមិ (គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ) និង

- ការអភិវឌ្ឍន៍ភូមិចម្រុះ។

៣- បណ្តាបញ្ហាប្រឈម និងកាលានុវត្តិភាព៖

- ថវិកានៅតែជាបញ្ហាចំបងសម្រាប់ពួកយើងក្នុងការអនុវត្តសកម្មភាព NDC ក៏ដូចជាផែនការសកម្មភាពការប្រែប្រួលអាកាសធាតុ

- នៅតែត្រូវការបន្ថែមទៀតការសម្របសម្រួលក្នុងចំណោមបណ្តាសកម្មភាព កម្មវិធី នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ (MRD) និងបណ្តាអង្គការមិនមែនរដ្ឋាភិបាល (NGOs) និង

- យើងអាចមើលឃើញសកម្មភាពមួយចំនួនទាក់ទងនឹងការបង្កើនគុណភាពផ្លូវលំ និងការផ្គត់ផ្គង់ទឹកនៅជនបទ មានសភាពប្រសើជាងមុន ក្នុងន័យការផ្គត់ផ្គង់ហិរញ្ញវត្ថុ ក៏ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់សម្រាប់ផ្នែកទន់ផ្សេងៗទៀត៕