ការបណ្តុះបណ្តាលសម្រាប់សៀវភៅក្បួនណែនាំស្តីពី ការដឹកជញ្ជូន ការគ្រប់គ្រង និងការថែរក្សាទំនិញគ្រោះថ្នាក់តាមនាវាចរណ៍ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២)
វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា រួមមានលោក បុង វុធ្ធី អគ្គនាយករង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោក ថរ មិនាកា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន និងលោក ធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមការបណ្តុះបណ្តាលសម្រាប់សៀវភៅក្បួនណែនាំស្តីពី ការដឹកជញ្ជូន ការគ្រប់គ្រង និងការថែរក្សាទំនិញគ្រោះថ្នាក់តាមនាវាចរណ៍ ក្នុងអាងទន្លេមេគង្គ។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយលេខាធិការដ្ឋាន MRC និងមានអ្នកចូលរួមពីប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC និងជំនាញការអន្តរជាតិ។
គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីណែនាំ និងពិភាក្សាអំពីសៀវភៅក្បួនណែនាំ ជាមួយមន្ត្រីពាក់ព័ន្ធនៃប្រទេសជាសមាជិក សម្រាប់ដឹកនាំវគ្គបណ្តុះបណ្តាលទៅដល់មន្រ្តីថ្នាក់ជាតិពាក់ព័ន្ធផ្សេងទៀតក្នុងការដឹកជញ្ជូន ការគ្រប់គ្រង និងការថែរក្សាទំនិញគ្រោះថ្នាក់នៅក្នុងប្រទេសរបស់ខ្លួន៕