វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី១ (ថ្ងៃទី ០៥-០៦ ខែតុលា ឆ្នាំ២០២២)
សេអ៊ូល៖ ក្រុមប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី១។ ដោយឡែក សមាសភាពពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង។ វេទិកានេះ ត្រូវបានថ្លែងបើកដោយលោកជំទាវ Hwa-jin Han រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ និងថ្លែងស្វាគមន៍ ដោយលោកបណ្ឌិត Jae-hyeon Park នាយកប្រតិបត្តិ K-Water។
គោលបំណងនៃវេទិកាគឺដើម្បី (១) ឱ្យមានជំនួបកិច្ចសន្ទនាជាន់ខ្ពស់មេគង្គ-កូរ៉េ ស្តីពីរបៀបវារៈទឹកសំខាន់ៗក្នុងតំបន់មេគង្គ (២) ពង្រឹងតួនាទីរបស់ប្រទេសជាសមាជិកមេគង្គ ក្នុងការដោះស្រាយទឹកដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ (៣) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងចំណោមប្រទេសជាសមាជិកមេគង្គ ដើម្បីសម្រេចបានការគ្រប់គ្រងទឹកឆ្លងដែនប្រកបដោយចីរភាព និង (៤) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិមេគង្គ-កូរ៉េ៕