កិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការសិក្សាយន្តការហិរញ្ញវត្ថុ សម្រាប់មូលនិធិមេគង្គ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២)
ស្ទឹងសែន៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដំណើរការកិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការសិក្សាយន្តការហិរញ្ញវត្ថុ សម្រាប់មូលនិធិមេគង្គ ក្រោមអធិបតីភាព និងដឹកនាំពិភាក្សារបស់ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីនៃក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និងអាជ្ញាធរទន្លេសាប និងអ្នកជំនាញការជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺ (១) ស្វែងយល់ពីសេចក្តីព្រាងលើកទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ (តាមរយៈពហុដៃគូ និងប្រភពថវិកានានា សម្រាប់ផលប្រយោជន៍នៃធនធាន/ទ្រព្យបរិស្ថាន ការឆ្លើយតបគ្រោះមហន្តរាយ និងក្រុមសង្គមងាយរងគ្រោះ និង (២) ផ្តល់យោបល់ ឬព័ត៌មានដែលជាធាតុចូលសម្រាប់កែលម្អ និងបញ្ចប់សេចក្តីព្រាងលើកទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់ការសិក្សាមូលនិធិមេគង្គ (the 1st Draft of the Financing Mechanism Case Study for Mekong Fund) ដោយផ្តោតទៅលើមាតិកា ដូចតទៅ៖ (១) សាវតានៃមូលនិធិមេគង្គ (ដំណើរការ តម្រូវការនៃមូលនិធិមេគង្គ និងសេចក្តីព្រាងលើកទី១ នៃការសិក្សាយន្តការហិរញ្ញវត្ថុសម្រាប់មូលនិធិមេគង្គ) (២) ការរៀបចំគម្រោងសម្រាប់ការពិភាក្សា និងដាក់ឱ្យដំណើរការ (៣) រចនាសម្ព័ន្ធ (៤) ប្រភពទុន/ធនធាន (៥) ការរៀបចំស្ថាប័ន (៦) តម្រូវការនៃការគ្រប់គ្រង (៧) ការរៀបចំក្របខណ្ឌច្បាប់ (៨) ការតាមដាន ការវាយតម្លៃ ការរាយការណ៍ និងការរៀនសូត្រ និង (៩) ផែនការសម្រាប់ដំណើរការមូលនិធិមេគង្គ។
មតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំនឹងត្រូវបានយកទៅសំយោគជាមួយលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ នៃប្រទេសជាសមាជិកផ្សេងៗទៀត ដើម្បីយកទៅធ្វើការកែលម្អ និងបញ្ចប់សេចក្តីព្រាងឯកសារខាងលើ និងធ្វើរៀបចំឯកសារគោលនយោបាយស្តីពី មូលនិធិមេគង្គ៕