Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងផែនការការងារ គណៈកម្មការទន្លេមេគង្គ សម្រាប់ពីរឆ្នាំបន្ត (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការ​រង គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុមការងារកម្ពុជា ដែលមានតំណាងមកពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការកសាងផែនការការងារ គណៈកម្មការទន្លេមេគង្គ សម្រាប់ពីរឆ្នាំបន្ត (ឆ្នាំ២០២៣-២០២៤) នៃផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះរៀបចំឡើងដោយលេខាធិការដ្ឋាន MRC ដែលដឹកនាំដោយលោកបណ្ឌិត Anoulak Kittkhoun នាយកប្រតិបត្តិ MRCS និងមានការចូលរួមពីមន្ត្រីក្រុមការងារពាក់ព័ន្ធមកពីប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីក្រុមការងារលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាឡើងវិញលើការកែសម្រួលសេចក្តីព្រាងផែនការការងារឆ្នាំ២០២៣-២០២៤ ដោយផ្តោតលើផែនការសកម្មភាព និងថវិកាក្នុងឆ្នាំ២០២៣ និង ២០២៤ ដែលស្នើឡើងដោយអង្គភាពជំនាញទាំង៥ នៃលេខាធិការដ្ឋាន MRC សម្រាប់អនុវត្តន៍នៅថ្នាក់តំបន់ និងថ្នាក់ជាតិ បន្ទាប់ពីទទួលបានធាតុចូលជាយោបល់ពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ នៃប្រទេសជាសមាជិក និងយោបល់/អនុសាសន៍ពីតំណាងដៃគូអភិវឌ្ឍន៍៕