Developed by Khmer Focus

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការអន្តរក្រសួង ដើម្បីជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងដាក់ចេញផែនការអនុវត្តន៍ជាក់ស្តែង (ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣)

ជំពូក៖ CNMC_2023

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេ​ហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម បានដំណើរការកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងដាក់ចេញផែនការអនុវត្តន៍ជាក់ស្តែង ដើម្បីសាងសង់សំណង់រឹងមាំការពារស្ថេរភាពច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ក្នុងជំហានទី២ ព្រមទាំងរិះរកមធ្យោបាយប្រមូលធាតុចូលសំខាន់ៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយសម្រាប់ជួបចរចាជាមួយភាគីវៀតណាម ស្វែងរកដំណោះស្រាយដែលមានលក្ខណៈសន្សំសំចៃ បុរេសកម្ម និងយូរអង្វែង សំដៅបង្ការទប់ស្កាត់បញ្ហាបាក់ច្រាំងទន្លេ និងព្រែកកុំឱ្យកើតមានជាបន្តទៀត។

កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព និងដឹកនាំកិច្ចពិភាក្សាដោយឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការខាងលើនេះ។ គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) រៀបចំគម្រោងចំណាយថវិកាលម្អិត និងផែនការសកម្មភាព សម្រាប់សាងសង់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំក្នុងជំហានទី២ (២) រៀបចំឯកសារគោលដើម្បីត្រៀមលក្ខណៈសម្បត្តិជួបជជែកចរចាជាមួយក្រុមការងារថ្នាក់ជាតិរបស់ភាគីវៀតណាម និង (៣) ពិភាក្សាអំពីវិធានការចាំបាច់នានាសម្រាប់អនុវត្តន៍គម្រោងសាងសង់ច្រាំងទន្លេ-ព្រែកព្រំដែនកម្ពុជា-វៀតណាម បញ្ហាប្រឈម និងសំណូមពរនានា។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមានឯកឧត្តម និងអស់លោកជាសមាជិកគណៈកម្មការ ដែលជាតំណាងមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន គណៈអភិបាលខេត្តកណ្តាល ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងអគ្គនាយករងទទួលបន្ទុកជាប្រធាននាយកដ្ឋានរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ឯកឧត្តមដែលជាតំណាងមកពីក្រសួងរ៉ែ និងថាមពល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងមន្រ្តីក្រសួងមហាផ្ទៃមួយចំនួនទៀត។

អង្គប្រជុំបានស្តាប់សេចក្តីរាយការណ៍ស្តីពី ការសម្រេចរបស់រាជរដ្ឋាភិបាលដូចមានចែងនៅក្នុង ស.ជ.ណ. លេខ០៦ សជណ.មយ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្តីពីករណីរបាយការណ៍វឌ្ឍនភាពការងារ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម របស់រាជរដ្ឋាភិបាល និងបានធ្វើការពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើរបៀបវារៈតាមប្រធានបទនៃគោលបំណងខាងលើ៕