សិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្តីពី ការប្រើប្រាស់ឧបករណ៍សម្រាប់ព្យាករណ៍ទឹកជំនន់ និងដំណើរការប្រព័ន្ធអំពីទឹកជំនន់ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣)
កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាបណ្ដុះបណ្ដាលបច្ចេកទេសស្តីពី ការប្រើប្រាស់ឧបករណ៍ សម្រាប់ព្យាករណ៍ទឹកជំនន់ និងដំណើរការប្រព័ន្ធណែនាំអំពីទឹកជំនន់ទឹកភ្លៀង របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្រ្តីជំនាញនៃក្រសួង ស្ថាប័ន និងមន្ទីរពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមជំនាញការពីលេខាធិការដ្ឋានMRC និងមន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។
សិក្ខាសាលាមានគោលបំណង៖ (១) ពង្រឹងសមត្ថភាពការងារដល់មន្រ្តីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធអំពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធព្យាករណ៍ទឹកជំនន់ជាមុន លើបញ្ហាបច្ចេកទេសពាក់ព័ន្ធរួមមាន ប្រតិបត្តិការទិន្នន័យជាធាតុចូល ផ្កាយរណបទាក់ទងទឹកភ្លៀង (២) ពង្រឹងសមត្ថភាពសិក្ខាកាមតាមរយៈការផ្លាស់ប្តូរបច្ចេកទេសអំពីប្រព័ន្ធ អំពីបទពិសោធន៍ប្រើប្រាស់ប្រព័ន្ធ ការវិភាគផលិតផល និង (៣) ពង្រឹងការយល់ដឹងលើការងារ ម៉ូដែល ផលិតផលសម្រាប់គាំទ្រការព្យាករទឹកជំនន់ថ្នាក់ជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕