Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ជម្រើស​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) នា​ពេល​អនាគត (ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤)

(CNMC-BDP)

ព្រះសីហនុ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ជម្រើស​កំណែ​ទម្រង់ រចនា​សម្ព័ន្ធ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ នៅ​សណ្ឋាគារ​ខ្សាច់​មាស ក្រុង​ព្រះសីហនុ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង‑​ស្ថាប័ន​ពាក់ព័ន្ឋ និង​មន្ត្រី​ថ្នាក់​តំបន់​​នៃ​លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ​ សរុបចំនួន ៣៤នាក់​​។

សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ប៊ុន ហ៊ាន​​ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ​ការ​ជាតិ​​ទន្លេមេគង្គ​កម្ពុជា ក្នុងនាមឯកឧត្តម លឹម ​គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានណៈកម្មាធិ​ការ​ជាតិ​​ទន្លេមេគង្គ​កម្ពុជា។ នៅ​ក្នុងមតិស្វាគមន៍ និងថ្លែងបើកសិក្ខាសាលា ឯកឧត្តមបានមានប្រសាសន៍ថា គណៈកម្មការទន្លេមេគង្គ (MRC) បាននឺងកំពុងធ្វើដំណើរការផ្លាស់ប្តូរមួយដើម្បីបំពេញតាមការប្តេជ្ញាចិត្ត និងទិសដៅនៃសេចក្តីថ្លែងការណ៍ ហួ ហ៊ីន ឆ្នាំ២០១០ នៅប្រទេសថៃ ដែលត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍ ទីក្រុងហូជីមិញ ឆ្នាំ២០១៤ ​នៅប្រទេសវៀតណាម ទាក់ទងនឹងស្វ័យភាពហិរញ្ញវត្ថុ និងនិរន្តរភាពរបស់គណៈកម្មការទន្លេមេគង្គ​ រហូតដល់ឆ្នាំ២០៣០ និងសំដៅឆ្ពោះទៅបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងអាងទន្លេមេគង្គក្រោម។ ទន្ទឹមនេះដែរដើម្បីពង្រឹងការគាំទ្រ​​ និងបង្កើនការសម្របសម្រួលប្រកបដោយប្រសិទ្ធិភាព សម្រាប់អនុវត្តន៍វិមជ្ឈការមុខងារស្នូល​ របស់គណៈកម្មការទន្លេមេគង្គ ក្នុងការគ្រប់គ្រងអាងទន្លេគណៈកម្មការទន្លេមេគង្គ បានរៀបចំធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធប្រតិបតិ្តការ ដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម យកចិត្តទុកដាក់​ និងផ្តោតជាសំខាន់លើការធ្វើវិមជ្ឈការមុខងារស្នូល និងដើម្បីបង្រួមលេខា​ធិការដ្ឋាន គណៈកម្មការទន្លេមេគង្គឱ្យកាន់តែតូច ​និងមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងអាងទន្លេ។

គោលបំណងនៃអង្គសិក្ខាសាលានេះគឺ ដើម្បីពិភាក្សា និងប្រមូលមតិយោបល់លើសំណើជម្រើស កំណែទម្រង់រចនាសម្ព័ន្ធ និងតម្រូវការផ្នែកហិរញ្ញវត្ថុរបស់លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ សម្រាប់គាំទ្រដល់ការអនុវត្តវិមជ្ឈការមុខងារស្នូល ក្នុងការគ្រប់គ្រងអាងទន្លេ​របស់គណៈកម្មការទន្លេ​មេគង្គ។

តាមរយៈអង្គសិក្ខាសាលានេះ ឯកឧត្តមបានស្នើសុំឱ្យឯកឧត្តម អស់លោក លោកស្រីទាំងអស់ ចូលរួមចំណែកយ៉ាងសកម្មផុលផុស ក្នុងការពិភាក្សា និងផ្លាស់ប្តូរ​យោបល់ ដើម្បីឱ្យសិក្ខាសាលានេះ​សម្រេចបាន លទ្ធផលតាមការគ្រោងទុក៕