Developed by Khmer Focus

ទស្សនៈ​កិច្ច​ផ្លាស់​ប្តូរ​បច្ចេក​ទេស​ថ្នាក់​តំបន់ ក្នុង​ការ​ពិសោធន៍​គុណ​ភាព​ទឹក ដើម្បី​ធ្វើ​ឱ្យ​ការ​អនុវត្ត​ប្រព័ន្ធ QA/QC កាន់​តែ​ល្អ​ប្រសើរ​ឡើង (ថ្ងៃទី ១១-១៣ ខែវិច្ឆិកា ឆ្នាំ២០១៥)

(MRC-EP)

ហូជីមិញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​ចុះ​ទស្សនៈ​កិច្ច​ថ្នាក់​តំបន់ ក្នុង​ការ​ផ្លាស់​ប្តូរ​បច្ចេក​ទេស ពិសោធន៍​គុណ​ភាព​ទឹក ដើម្បី​ធ្វើ​ឱ្យ​ការ​អនុវត្ត​ប្រព័ន្ធ QA/QC កាន់​តែ​ប្រសើរ​ឡើង នៅ​មន្ទីរ​ពិសោធន៍​គុណ​ភាព​ទឹក ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក និង​មន្ត្រី​​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​១៧រូប (ស្ត្រី ០៦រូប)។ ដោយ​ឡែក​​សមាស​ភាព​​ចូល​រួម​ពី​កម្ពុជា​មាន​ចំនួន ០៣​រូប រួម​មាន​លោក ជា វណ្ណារ៉ា ប្រធាន​ការិយា​ល័យ​វិភាគ​គុណ​ភាព​ទឹក នៃ​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម លោក ខុម ចាន់ធូ​ មន្ត្រី​ការិយា​ល័យ​វិភាគ​គុណ​ភាព​ទឹក នៃ​នាយក​ដ្ឋាន​ជល​សាស្រ្ត និង​ការ​ងារ​ទន្លេ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​លោក ថៃ ពិសិដ្ឋ មន្រ្តី​សម្រប​សម្រូល​ថ្នាក់​ជាតិ របស់​កម្ម​វិធី​បរិស្ថាន នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​ការ​ចុះ​ទស្សនៈ​កិច្ច​នេះ​គឺ៖ ១) ផ្លាស់​ប្តូរ​គំនិត និង​បទ​ពិសោធន៍​នៃ​ការ​គ្រប់​គ្រង​មន្ទីរ​ពិសោធន៍ លើ​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ទឹក​ជា​ប្រចាំ ២) ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ជំនាញ​លើ​ការ​អនុវត្ត QA/​QC សម្រាប់​ធា​នា​គុណ​ភាព​ទឹក​លើ​ការ​យក​សំណាក​ទឹក និង​ការ​ថែ​រក្សា​សំណាក និង ៣) ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ជំនាញ​លើ​ការ​អនុវត្ត QA/​QC អំឡុង​ពេល​វិភាគ​សំណាក​ទឹក​ក្នុង​មន្ទីរ​ពិសោធន៍ ព្រម​ទាំង​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាក់​ស្តែង​អំ​ពី​ ការ​យក​សំណាក​ទឹក ការ​វិភាគ​លើ​សមាស​ធាតុ​មួយ​ចំនួន រួម​ទាំង​ការ​គ្រប់​គ្រង​មន្ទីរ​ពិសោធន៍៕