សិក្ខាសាលាផ្សព្វផ្សាយស្តីពី វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០១៥)
(CNMC-ICBP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ នៅទីរួមខេត្តសៀមរាប ដឹកនាំដោយឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថដា និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២៧នាក់។
គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ៖ ទី១- ផ្សព្វផ្សាយជាថ្មីដល់អ្នកចូលរួមពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ រួមទាំងការវិវត្តន៍នៃការអនុវត្តនីតិវិធីពាក់ព័ន្ធនានារបស់ MRC ក្នុងពេលកន្លងមក ដើម្បីលើកកំពស់ការយល់ដឹងពីការអនុវត្តកិច្ចព្រមព្រៀងមេគង្គ និងនីតិវិធីទាំងប្រាំរួមមាន នីតិវិធីចែករំលែកទិន្នន័យ និងព័ត៌មាន នីតិវិធីត្រួតពិនិត្យការប្រើប្រាស់ទឹក នីតិវិធីស្តីពីការជូនដំណឹង ពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង នីតិវិធីរក្សាលំហូរទឹកតាមដងទន្លេមេ និងនីតិវិធីស្តីពីគុណភាពទឹក និងទី២- បង្ហាញជូនពីមេរៀនបទពិសោធន៍ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង និងនីតិវិធីខាងលើរួមទាំងការលំបាក និងភាពងាយស្រួលនៅក្នុងក្របខ័ណ្ឌជាតិ និងតំបន់៕