Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​កំណត់​សេណារីយ៉ូ​ ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី០៤ ខែមីនា ឆ្នាំ​២០១៥)

(CNMC-CCAI)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​កំណត់ សេណារីយ៉ូ ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះ​ពាល់ នៅ​ក្នុង​អាង​ទន្លេ​មេគង្គក្រោម នៅ​សណ្ឋា​គារ​អង្គរប៉ារ៉ាឌី ខេត្ត​សៀមរាប។ សមាជិក​ចូល​រួម​សរុប​ចំនួន ៣២នាក់ ជា​មន្រ្តី​​បច្ចេក​ទេស​មក​ពី​បណ្តា​ក្រសួង ស្ថាប័ន​​ជា​​សមា​ជិក​គណៈ​កម្មា​ធិការ​ជា​តិ​ទន្លេ​មេគង្គ​កម្ពុជា គ្រឹះ​ស្ថាន​អប់​រំ និង​​សិក្សា​ស្រាវ​ជ្រាវ​សាធារណៈ និង​មន្រ្តី​សម្រប​សម្រួល​ថ្នាក់​ជាតិ នៃ​បណ្តា​កម្ម​វិធី​​ពាក់​​ព័ន្ធ​ របស់​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ។

ក្នុង​នាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​​ចូល​រួម​ជា​កិត្តិ​យស​ក្នុង​ការ​បើក និង​ដឹក​នាំ​ការ​ពិភាក្សា នៃ​កិច្ច​ពិគ្រោះ​យោបល់​ដ៏​មាន​​សារៈ​សំខាន់​នេះ។ ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថា៖ កិច្ច​ប្រជុំ​ថ្ងៃ​នេះ មាន​គោល​បំណង​ដើម្បី​បង្ហាញ ពិភាក្សា និង​ប្រមូល​មតិ​ពី​បណ្តា​តំណាង​មក​ពី​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​អ្នក​ពាក់​ព័ន្ធ លើ​ការ​កំណត់ និង​ការ​ជ្រើស​រើស សេណារីយ៉ូ ការ​ប្រែ​ប្រួល​អាកាស​​ធាតុ សម្រាប់​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម ដែល​នឹង​ជួយ​​ដល់​ការ​កសាង​ផែន​ការ និង​វិធី​សាស្រ្ត​បន្ស៊ាំ សម្រាប់​អាង​ទន្លេ​មេគង្គ​ក្រោម ដែល​​បាន​ធ្វើ​ឡើង​ដោយ​កម្ម​វិធី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ របស់​គណៈ​កម្មការ​​ទន្លេ​មេគង្គ។

សិក្ខា​សាលា​ទទួល​បាន​លទ្ធ​ផល​ដូច​តទៅ៖

  • ការ​យល់​ដឹង​ជា​រួម ទៅ​លើ​យុទ្ធ​សាស្រ្ត និង​បទ​ពិសោធន៏ ដែល​បាន​អនុវត្ត​ជា​អន្តរ​​ជាតិ​ទាក់​ទង​នឹង​ការ​កំណត់ សេណារីយ៉ូ វាយ​តម្លៃ​ការ​ឡើង​កម្រឹត​នីវ៉ូ​ទឹក​​សមុទ្រ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ
  • ការយល់់​ដឹង​ជា​រួម មតិ និង​ធាតុ​ចូល លើ​យុទ្ធ​សាស្រ្ត​ដែល​ស្នើ​ឡើង​ដោយ “កម្ម​​វិធី​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ” និង​លទ្ធ​ផល​សម្រាប់​កំណត់​​សេណារីយ៉ូ វាយ​តម្លៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម។

សិក្ខាកាម​បាន​ចែក​រំលែក និង​ទទួល​បាន​នូវ​មេរៀន និង​បទ​ពិសោធន៍​ទាក់​ទង​នឹង​​ប្រធាន​បទ​នៃ​ការ​កំណត់ សេណារីយ៉ូ វាយ​តម្លៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ក្នុង​ការ​​កសាង​ផែន​ការ​បន្ស៊ាំ សម្រាប់​អាង​ទន្លេ​មេគង្គ​ក្រោម។ នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នឹង​មាន​​កិច្ច​ប្រជុំ​ពិភាក្សា​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក ឡាវ ថៃ និង​វៀតណាម ដើម្បី​​ឯក​ភាព​គ្នា កំណត់​សេណារីយ៉ូ ​រួម សម្រាប់​តំបន់​អាង​ទន្លេ​មេគង្គ​ក្រោម៕