សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៣ ស្តីពីការកសាងផែនការសកម្មភាព និងយុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់មេគង្គ (ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៣ ស្តីពីការកសាងផែនការសកម្មភាព និងយុទ្ធសាស្ត្រ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់មេគង្គ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅខេត្តសៀមរាប។ សិក្ខាសាលាពិគ្រោះយោបល់នេះ ចូលរួមដោយមន្ត្រីពាក់ព័ន្ធពីបណ្តាប្រទេសជាសមាជិកមេគង្គទាំង០៤ រួមមានៈ កម្ពុជា ឡាវ ថៃ និង វៀតណាម និងបុគ្គលិកលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៥រូប។ សមាជិក ចូលរួមពីកម្ពុជាមានចំនួន ០៥រូប មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់គឺដើម្បី៖
- ជម្រាបជូន ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ ស្តីពីការពិនិត្យលើ គោលនយោបាយបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់អាងទន្លេមេគង្គប៉ែកខាងក្រោម
- ជម្រាបជូនអំពីសេចក្តីព្រាងទី១ នៃឯកសារស្តីពីផែនការសកម្មភាព និងយុទ្ធសាស្ត្រ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់មេគង្គក្រោម ព្រមទាំងផែនការពិគ្រោះយោ បល់សម្រាប់ការបញ្ចប់នូវផែនការសកម្មភាព និងយុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុក្នុងតំបន់មេគង្គក្រោមនេះ និង
- ពិភាក្សាលើដំណើរការ និងវិធានការសម្រាប់ការកសាងគម្រោងបន្ស៊ាំឆ្លងដែន និង កំណត់យន្តការហិរញ្ញវត្ថុ សម្រាប់គម្រោងនេះ៕