Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី​២ របស់​គណៈ​កម្មា​ធិការ​ប្រឹក្សា​យោបល់​ផ្នែក​នាវាចរណ៍ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤)

(MRC-NAP)

វៀងច័ន្ទ៖ កិច្ច​ប្រជុំ​លើក​ទី២ របស់​គណៈ​កម្មាធិការ​ប្រឹក្សា​យោបល់ ផ្នែក​នា​វា​ចរណ៍ បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រចាំ​ទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ចាន់ តារា អគ្គ​នាយក​ដឹក​ជញ្ជូន នៃ​ក្រសួង​សាធារ​ណការ និង​​ដឹក​ជញ្ជូន និង​លោក Hans Guttman នាយក​ប្រតិបត្តិ លេខា​ធិការ​ដ្ឋាន ​និង​មាន​ការ​ចូល​រួម​ពី​សមាជិក​គណៈ​កម្មា​ធិការ​ប្រឹក្សា​យោបល់​ផ្នែក​នាវាចរណ៍ តំណាង​​ប្រទេស​​ជា​សមាជិក តំណាង​ប្រទេស​​បែល​ហ្ស៊ិក និង​ក្រុម​ការ​ងារ​លេខា​ធិការ​ដ្ឋាន សរុបចំនួន ២២រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជា រួមមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គជទមក លោក ហៀក ភិរុណ អគ្គនាយករង​កំពង់ផែស្វយ័តភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក បុង វុទ្ធី ប្រធាននាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង គជទមក។

ឯកឧត្តមប្រធានអង្គប្រជុំ បានលើកអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ​ប្រកប​ដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយគិតគួរអំពីសេរីភាពផ្នែកនាវាចរណ៍ ការដឹក​ជញ្ជូន​ឆ្លងដែន និងបានស្នើសុំមតិយោបល់ និងអនុសាសន៍ពីសមាជិកគណៈកម្មាធិការប្រឹក្សាយោបល់ផ្នែកនាវាចរណ៍​ នៃប្រទេស​ជាសមាជិកសម្រាប់ការអនុវត្តកម្មវិធីនាវាចរណ៍ឆ្នាំខាងមុខនេះ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើបញ្ហាជាអាទិភាពមួយចំនួនរួមមាន ផែនការសកម្មភាពថ្នាក់តំបន់​សម្រាប់ការដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាមដងទន្លេមេគង្គ ការកសាងផែនការមេសម្រាប់ការ​ដឹក​ជញ្ជូន​តាមផ្លូវទឹក ការសិក្សាសមិទ្ធិលទ្ធភាពលើការបំពាក់ឧបករណ៍សុវត្ថិភាពនាវាចរណ៍​នៅទន្លេ​មេ​គង្គភាគ​ខាងលើ តួនាទីរបស់គណៈកម្មការ​ទន្លេមេគង្គក្នុងការសម្របសម្រួលលើការដឹកជញ្ជូនតាម​ផ្លូវទឹក ​ក្នុង​ក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេចាប់ពីឆ្នាំ២០១៦ និងផែនការថវិកាសម្រាប់​អនុវត្ត​ន៍កម្មវិធី។

អង្គប្រជុំបានយល់ដឹងអំពីតម្រូវការរបស់ខ្លួន ដែលចង់ឱ្យមានការគាំទ្រជាបន្តទៀត ពីសំណាក់ដៃគូអភិវឌ្ឍន៍ (បែលហ្ស៊ិក) តាមរយៈកម្មវិធីនាវាចរណ៍ ដែលមានសកម្មភាពការងារ​មួយចំនួន ដែលអាចជួយ​ដល់​ចរាចរ​ទំនិញតាមផ្លូវទឹក និងអ្នកដំណើរតាមដងទន្លេមេគង្គ​ ទៅកាន់​តំបន់ទី​ប្រជុំជន កាត់បន្ថយការ​កកស្ទះ​ចរាចរតាមផ្លូវទឹក កាត់បន្ថយការបំពុល​ផ្នែកបរិស្ថាន និងជា​ការតភ្ជាប់ពីតំបន់ទីក្រុង ទៅ​តំបន់​ដាច់​ស្រយាល ដែលមានផលប្រយោជន៍ដល់ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និងសេវាកម្មដទៃទៀត របស់​ប្រជាជនដែលរស់នៅក្នុងប្រព័ន្ធទន្លេ​មេគង្គ​។ ​អង្គប្រជុំក៏បានណែនាំថា ទន្ទឹមនឹងការរង់ចាំ​ការ​ផ្តល់ថវិកាពីដៃគូអភិវឌ្ឍន៍ កម្មវិធី​ត្រូវមាន​កិច្ចសហការល្អជាមួយកម្មវិធីពាក់ព័ន្ធ​​ របស់គណៈកម្មការទន្លេ​មេគង្គ ដើម្បីជួយសម្រួលដល់​ការ​​ប្រើប្រាស់​​ថវិកាក្នុងការ​អនុវត្ត​សកម្មភាពកម្មវិធីនាវាចរណ៍។

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការប្រឹក្សាយោបល់ផ្នែកនាវាចរណ៍ នឹងប្រព្រឹត្តទៅនៅ​ខែមិថុនា ឆ្នាំ២០១៥៕