កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ផែនការការងារឆ្នាំ២០១៥ នៃកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥)
(MRC-IKMP)
ហាណូយ៖ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ផែនការការងារឆ្នាំ២០១៥ នៃកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង របស់គណៈកម្មការទន្លេមេគង្គ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់តំណាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងពាក់ព័ន្ធ នៃប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៣រូប។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជា រួមមានលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក គឺ ខេមលីន មន្ត្រីសម្របសម្រួលកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ហេង បូរាណ ជំនាញការជាតិផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងគ្រប់គ្រងមូលដ្ឋានទិន្នន័យ នៃកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង។
កិច្ចប្រជុំបានយល់ដឹងអំពីសមិទ្ធិផលសម្រេចបាន របស់កម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង ដោយក្រុមការងារថ្នាក់តំបន់ និងប្រទេសជាសមាជិកកន្លងមក និងឆ្នាំ២០១៤ ដោយបានឯកភាពជាគោលការណ៍លើផែនការការងារសម្រាប់កម្មវិធីនៅថ្នាក់ជាតិ ព្រមទាំងស្នើឱ្យថ្នាក់ជាតិធ្វើការកែសម្រួលលើផែនការការងារឆ្នាំ២០១៥ តាមតម្រូវការជាក់ស្តែង និងការងារអាទិភាពរបស់ប្រទេសរៀងៗខ្លួន ដោយផ្អែកលើថវិកាដែលមាន។ តម្រូវការជាក់ស្តែងរបស់ប្រទេសអាចស្នើ និងពិនិត្យឯកភាពតាមរយៈកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធី (IKMP Steering Committee)។ កិច្ចប្រជុំក៏បានជម្រុញឱ្យមានការបញ្ចប់ ការអនុវត្តគម្រោងសិក្សាសាកល្បង សម្រាប់នីតិវិធីពិនិត្យតាមដានការប្រើប្រាស់ទឹក។ ជាមួយគ្នានេះប្រទេសក៏បានសំដែងក្តីបារម្ភអំពីកង្វះថវិកាដែលកាន់តែតិចជាងឆ្នាំមុនៗ លើការងារអនុវត្តន៍សកម្មភាពការងារនៅថ្នាក់ជាតិ ក្នុងនោះលើការងារប្រមូលទិន្នន័យ ការកសាងសមត្ថភាព ការរៀបចំផែនទីគោល (base map) និងបណ្តាញទន្លេ (river network) ប្រតិបត្តិការ និងការថែទាំឧបករណ៍នៅតាមស្ថានីយ៍ Mekong-HYCOS។
ដើម្បីអនុវត្តន៍សកម្មភាពការងារនៅថ្នាក់ជាតិបានជោគជ័យ កិច្ចប្រជុំបានគិតគូរអំពីយុទ្ធសាស្ត្រ ក្នុងការប្រាស្រ័យទាក់ទង សម្រាប់ប្រសិទ្ធភាពការងារសម្របសម្រួល របស់កម្មវិធីទាំងថ្នាក់ជាតិ និងថ្នាក់តំបន់៕