វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី ការអនុវត្ដសេណារីយ៉ូបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ម៉ូដែល ArcSWAT Verson 2012 សម្រាប់វិភាគ លើគម្រោងសិក្សានៅ ព្រែកព្រះ ព្រែកគ្រៀង ព្រែកកាំពី និងព្រែកទេរ (ថ្ងៃទី ១៨-២០ ខែវិច្ឆិកា ឆ្នាំ២០១៤)
(CNMC-IKMP)
សៀមរាប៖ វគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការអនុវត្តសេណារីយ៉ូបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ម៉ូដែល ArcSWAT Version 2012 សម្រាប់វិភាគលើគម្រោងសិក្សានៅ ព្រែកព្រះ ព្រែកគ្រៀង ព្រែកកាំពី និងព្រែកទេរ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីមន្ត្រីជំនាញមកពី លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមន្ដ្រីជំនាញផ្នែកម៉ូដែលថ្នាក់ជាតិ មកពីក្រសួងដែលជាសមាជិក ក្រុមការងារម៉ូដែលថ្នាក់ជាតិ សរុបចំនួន ២០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានលើក ឡើងថាៈ តាមរយៈកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានធ្វើការងារជាច្រើនរួចមកហើយ លើការកសាងសមត្ថភាព ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការប្រើប្រាស់ម៉ូដែល ដល់មន្ដ្រីនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែច្បាស់ ដែលទាក់ទងនឹងការគ្រប់គ្រងទិន្នន័យព័ត៌មាន និងការគ្រប់គ្រងទឹកក្នុងអាងទន្លេ និងប្រមូលទិន្នន័យបន្ថែម ក្នុងនោះបានរៀបចំឱ្យមានក្រុមម៉ូដែលថ្នាក់ជាតិ ដែលមានការចូលរួមពីមន្ដ្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានរៀបចំជាសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាច្រើននៅថ្នាក់ជាតិ ដោយលើកយកគម្រោងមួយចំនួន មកធ្វើជាករណីសិក្សា និងសិក្សាសាកល្បង ដោយប្រើប្រាស់ ម៉ូដែល របស់គណៈកម្មការទន្លេមេគង្គ ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ រួមមានកាសិក្សា ស្ទឹងសង្កែ ស្ទឹងពោធិសាត់ ស្ទឹងសៀមរាប ស្ទឹងស្ទោង ស្ទឹងសែន ទន្លេសេសាន ស្ទឹងព្រែកត្នោត ស្ទឹងស្លាគូ និងឆ្នាំនេះមាន ព្រែកទាំង៤ គឺព្រែកគ្រៀង ព្រែកទេរ ព្រែកព្រះ និងព្រែកកាំពី។
ចំពោះករណីសិក្សាឆ្នាំ២០១៤ នេះយើងបានជ្រើសរើសព្រែកទាំងបួនមកធ្វើការអនុវត្ដដោយប្រើ ArcSWAT Verson 2012 ដោយរំពឹងទុកថា លទ្ធផលនៃវគ្គបណ្តុះបណ្ដាល ជាទុនដើម្បីត្រៀមលក្ខណៈយកទៅធ្វើបទបង្ហាញនៅថ្នាក់តំបន់នាពេលខាងមុខ ព្រមទាំងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការគិតគូរ ពិចារណាក្នុងការគ្រប់គ្រងធនធានទឹកនៅក្នុងតំបន់ខាងលើដោយប្រសិទ្ធភាព៕