Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រុម​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី លទ្ធ​ផល​បឋម​ពី​ការ​ងារ​ម៉ូដែល នៃ​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦)

ភ្នំពេញ៖ ​គណៈ​កម្មការ​ទន្លេ​​មេ​គង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី លទ្ធផល​បឋម​ពី​ការងារ​ម៉ូដែល នៃ​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា​ នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ​ប្រចាំ​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​​ចូល​រួម​ពី​មន្ត្រី​​សម្រប​​សម្រួល​ថ្នាក់​ជាតិ និង​មន្ត្រី​​បច្ចេក​ទេស​នៃ​​ប្រទេស​​ជា​សមាជិក បុគ្គលិក​លេខា​ធិ​ការ​​​ដ្ឋាន និង​​ជំនាញ​ការ​អន្តរ​ជាតិ សរុប​ចំនួន ១៨រូប។

គោលបំណង​នៃ​​កិច្ចប្រជុំគឺដើម្បី (១) ពិនិត្យ​លើ​វឌ្ឍន៍ភាព​ការងារម៉ូដែល (២) ពិនិត្យ​​​​លើ​បច្ចុប្បន្នភាពនៃ​ចង្កោម​​​សកម្មភាព​ការងារម៉ូដែល និង​របាយ​ការណ៍​​បឋម និង ​(៣) ពិភាក្សា​​លើការងារ​បន្ទាប់សម្រាប់​រៀបចំ​សេណារីយ៉ូ។

អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើវឌ្ឍន៍ភាពការងារម៉ូដែល និងឯកភាពជាគោលការណ៍លើផែនការ​សកម្មភាព ព្រមទាំងជម្រុញឱ្យមានការពន្លឿន​ការងារបច្ចុប្បន្នភាពទិន្នន័យទៅក្នុងម៉ូដែល និង​​​បាន​​ស្នើ​ឱ្យក្រុម​ការងារ​​ម៉ូដែល ​សមត្ថ​ភាព​​​​​​​របស់ម៉ូដែល រួមមាន ក្របខណ្ឌធ្វើសេចក្តី​សម្រេច​​​​​ចិត្ត (DSF​: SWAT, IQQM and iSIS), eWater source និង WUP-FIN ដែល​​​គាំទ្រដល់​ការ​​សិក្សារបស់ក្រុមប្រឹក្សា និងវិធីសាស្ត្រ​សម្រាប់​​ការ​សិក្សាតាមផ្នែកនីមួយៗ (ផ្នែកទី១: ធារា​សាស្ត្រ និងការបង្វែរទឹក ផ្នែកទី២:  កសិកម្ម​ និងការ​ប្រើ​ប្រាស់ដី ផ្នែកទី៣: ការប្រើប្រាស់​ទឹក​តាម​ផ្ទះ និង​ឧស្សាហកម្ម ផ្នែកទី៤: ការការពារទឹកជំនន់ ផ្នែក​ទី៥:​ វារីអគ្គិសនី និងផ្នែកទី៦: ការ​ដឹកជញ្ជូនតាមផ្លូវទឹក)។ ដំណើរ​ការនៃការសិក្សានេះ មានការ​យឺត​យ៉ាវ​រហូតមកដល់ពេលនេះ ដោយ​សារ​​​​មាន​ការ​ផ្លាស់​ប្តូររចនាសម្ព័ន្ធរបស់​គណៈ​​​​​កម្មការទន្លេមេគង្គ និង​​ការ​ជ្រើស​រើសជំនាញ​ការ​។ ពេលវេលា​សម្រាប់ការងារ​ជំហានបន្តគឺចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែ​មីនា ឆ្នាំ២០១៧។ របាយការណ៍​ សរុប ១៦ នឹងត្រូវផលិត ក្នុងនោះ របាយការណ៍ចំនួន ១១ ទាក់ទង​នឹង DSF  របាយ​ការណ៍​ចំនួន ៣ ​ទាក់​ទង​នឹង eWater source  និងរបាយការណ៍ ចំនួន ១ ទាក់​ទងនឹង WUP-FIN។

អង្គប្រជុំក៏បានសម្រេចឱ្យមានការពិគ្រោះយោបល់ជាមួយប្រទេស លើ​លទ្ធផល​នៃ​ការសិក្សា មុនពេល​សិក្ខាសាលា​ថ្នាក់តំបន់ចុងក្រោយនៅចុងខែមីនា ឆ្នាំ២០១៧ និងវគ្គ​បណ្តុះ​បណ្តាល​នៃ​​ការ​ប្រើប្រាស់​ឧបករណ៍ទាំងនោះ៕