សិក្ខាសាលាពិគ្រោះយោបល់ស្តីពី លទ្ធផលស្រាវជ្រាវបឋម នៃការគ្រប់គ្រងធនធានជលផលឆ្លងដែន នៃទន្លេមេគង្គ និងទន្លេសេកុងនៅកម្ពុជា (ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៦)
(CNMC-MIWRM)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាគណៈអធិបតី និងថ្លែងស្វាគមន៍ អង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី លទ្ធផលស្រាវជ្រាវបឋម នៃការគ្រប់គ្រងធនធានជលផលឆ្លងដែនរវាងកម្ពុជា-ឡាវ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤០រូប ជាមន្រ្តីរដ្ឋបាលជលផល មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល បានជម្រាបជូននូវការវិវត្តសំខាន់ៗរបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែល (CNMC) បាននិងកំពុងសម្របសម្រួលការងារក្នុងក្របខ័ណ្ឌ MRC ការអនុវត្តកិច្ចព្រមព្រៀងមេគង្គ និងបណ្តានីតិវិធីរបស់ MRC វិធីសាស្រ្តគ្រប់គ្រងធនធានទឹកចម្រុះ គោលបំណង និងសារសំខាន់នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅថ្នាក់តំបន់ ថ្នាក់ឆ្លងដែន និងថ្នាក់ជាតិ។
អង្គសិក្ខាសាលាបានស្វែងយល់អំពីលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវ នៅទីតាំងគម្រោងក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលបានរកឃើញ និងកំណត់នូវបញ្ហានៃការគ្រប់គ្រងជលផលក្នុងប្រទេស និងឆ្លងដែន ភាពប្រឈមនានា និងសំណើអនុសាសន៍ដើម្បីដោះស្រាយរួមក្នុងការងារសម្របសម្រួល និងគ្រប់គ្រងរវាងវិស័យជលផលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ។ អង្គសិក្ខាសាលាបានពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសយ៉ាងក្បោះក្បាយលើរបាយការណ៍ និងបានកត់សម្គាល់នូវតម្រូវការបន្ថែមនៃទិន្នន័យ និងព័ត៌មាន ការបកស្រាយពន្យល់កាន់តែច្បាស់ ការកំណត់អាទិភាពនៃបញ្ហា ភាពប្រឈមនានា និងសំណើដំណោះស្រាយ នឹងត្រូវពិនិត្យឡើងវិញដោយមន្រ្តីនៃបណ្តានាយកដ្ឋាននានាផ្ទាល់របស់រដ្ឋបាលជលផល៕