Developed by Khmer Focus

ទស្សន​កិច្ច​សិក្សា​ឆ្លង​ដែន​របស់​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ រវាង​កម្ពុជា-​វៀតណាម ក្នុង​តំបន់​ទន្លេ​សេសាន-​ស្រែពក (ថ្ងៃទី ២២-២៦ ខែសីហា ឆ្នាំ២០១៦)

ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការ​ងារ​កម្ពុជា ចូល​រួម​ទស្សន​កិច្ច​សិក្សា​ឆ្លង​ដែន របស់​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ រវាង​កម្ពុជា-​វៀតណាម ក្នុង​តំបន់​ទន្លេ​សេសាន-​ស្រែពក ក្រោម​ជំនួយ​របស់​ធនាគារ​ពិភពលោក តាម​រយៈ​គណៈ​កម្មការ​ទន្លេ​មេគង្គ។ ក្រុមការងារមានមកពីប្រទេសកម្ពុជា វៀតណាម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងធនាគារពិភពលោក សរុបចំនួន ១៦ រូប។  ក្រុមការងារកម្ពុជាមានចំនួន ០៦រូប មកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ០៣រូប មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ០១រូប និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ០១រូប និងខេត្តរតនគិរី ០១រូប។

ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅដោយ បានសិក្សាស្វែងយល់ និងពិនិត្យមើលការអភិវឌ្ឍ និងគ្រប់គ្រងធនធានទឹកក្នុងប្រទេសទាំងពីរ៖

  • នៅកម្ពុជា ទស្សនកិច្ច បានពិត្យ និងពិភាក្សាការងារជាមួយក្រុមជំនាញការស្តីពី វារីអគ្គិសនីសេសានក្រោម ២ ដែលកំពុងដំណើរការក្នុងខេត្តស្ទឹងត្រែង ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្ត និងតំបន់រងគ្រោះទឹកជំនន់ទន្លេសេសាន ក្នុងស្រុកអូយ៉ាដា ​ខេត្តរតនគិរី
  • នៅវៀតណាម ទស្សនកិច្ច បានពិនិត្យមើល និងពិភាក្សាជាមួយជំនាញការ និងអ្នកគ្រប់គ្រងអំពីការប្រតិបត្តិ និងគ្រប់គ្រងទំនប់វារីអគ្គិសនីសេសាន ៤/៤A ស្ថិតក្នុងខេត្តយាឡៃ និងទំនប់វារីអគ្គិសនីស្រែពក ៤/៤A ក្នុងខេត្តដាឡាក់។

ក្រុមការងារនៃប្រទេសទាំងពីរ និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានជួបប្រជុំ ពិភាក្សាលើ លទ្ធផលនៃទស្សនកិច្ច រួមមាន ការយល់ដឹង បទពិសោធន៍ និងបញ្ហាពាក់ព័ន្ធ ដែលត្រូវដាក់បន្ថែម និងកែលំអឯកសាររួមស្តីពី បញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកឆ្លងដែនក្នុងតំបន់សេសាន-ស្រែពកនៃប្រទេសទាំងពីរ៕