Developed by Khmer Focus

កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ដឹក​នាំ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ នៅ​ភូមិ​ភាគឦសាន (ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧)

ភ្នំពេញ៖ គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី៣ របស់​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ដឹក​នាំ​គម្រោង នៅ​សាល​ប្រជុំ​ដើមត្នោត នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខា​ធិការ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ដឹក​នាំ​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាលទី៣ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដោយមានសមាជិកគណៈកម្មាធិការ និងក្រុមការងារសម្របសម្រួលមកពីសមាភាគទី១ ដែលមានរដ្ឋបាលជលអនុវត្ត និងសមាសភាគទី២ ដែលមានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអនុវត្ត សរុបចំនួន ២០រូប។ 

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពទូទៅនៃការអនុវត្តគម្រោង អនុម័តផ្នែកសំខាន់ៗដែលត្រូវបានពិភាក្សា និងលើកសំណើ ដោយសមាសភាគទី១ និងសមាសភាគទី២ នៃគម្រោង និងផ្តល់អនុសាសន៍ និងសម្រេចចិត្ត ការគ្រប់គ្រង ការដោះស្រាយបញ្ហាប្រតិបត្ដិការគម្រោង។

ឯកឧត្តមប្រធាន បានបញ្ជាក់ថា គម្រោងនេះនឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដោយរួមចំណែកដល់ការអនុវត្តគោលនយោបាយធនធានទឹកជាតិ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ច្បាប់ជលផល ព្រមទាំងការគ្រប់គ្រងអាងទន្លេថ្នាក់ជាតិ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នៃធនធានក្នុងទឹកទន្លេមេគង្គ។ គម្រោងនេះនឹងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទឹករួមមាន ការត្រួតពិនិត្យធនធានទឹក និងប្រព័ន្ធវាយតម្លៃ ដែលមានស្ថានភាពខ្សោយនៅឡើយរបស់ប្រទេស ក្នុងការដោះស្រាយភាពមិនពេញលេញនៃកម្មវិធីតាមដានត្រួតពិនិត្យរបស់ប្រទេស សម្រាប់គាំទ្រដល់ការគ្រប់គ្រងប្រកបដោយចីរភាព ធ្វើឱ្យការសម្រេចចិត្តខាងផ្នែកវិនិយោគ ដែលមានហានិភ័យខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីទឹក ត្រូវបាន រកឃើញថា ស្ទើរតែមិនទាន់មាននៅឡើយ។ គម្រោងនេះនឹងផ្តល់នូវការពង្រឹងសមត្ថភាព និងធនធានដល់អង្គភាព នាយកដ្ឋាន និងមន្ទីរនៅខេត្ត ដែលជួបប្រទះការលំបាកខ្លាំង សម្រាប់ពួកគេក្នុងការអនុវត្ត ការទទួលខុសត្រូវតាមច្បាប់។ ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មាធិការមានអាណត្ដិដើម្បីទទួលខុសត្រូវ សម្រាប់ការត្រួតពិនិត្យការវិវឌ្ឍរីកចម្រើន ហានិភ័យ គុណភាព និងភាពទាន់ពេលវេលា និងជួយដោះស្រាយបញ្ហាណាមួយដែលអាចកើតឡើងចំពោះសមាសភាគទី១ និងសមាសភាគទី២។

កិច្ចប្រជុំបានសម្រេចលទ្ធផល៖ (១) បានពិនិត្យ និងអនុម័តលក្ខខ័ណ្ឌការងាររបស់គណៈកម្មាធិការ (២) បានជ្រាបពីវឌ្ឍនភាពទូទៅនៃតំណាក់កាលចាប់ផ្ដើមអនុវត្តគម្រោង ក្នុងនោះសម្រាប់សមាសភាគទី១ និងទី២ (៣) បានពិភាក្សា និងយល់ព្រមលើសំណើថវិកា និងផែនការសកម្មភាពឆ្នាំ២០១៧ របស់សមាសភាគទី១ និងទី២  និង (៤) បានផ្តល់អនុសាសន៍លើការបង្កើតអង្គភាពគ្រប់គ្រងគម្រោង ដែលមានសមាសភាពតំណាងមកពីសមាសភាគទី១ (រដ្ឋបាលជលផល) និងសមាសភាគទី២ (គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា) និងជម្រុញឱ្យគ្រប់យន្តការអនុវត្តការងារដោយមានការសម្របសម្រួលកាន់តែមានប្រសិទ្ធភាព៕