Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ស្តីពី ការ​វាយ​តម្លៃ​លទ្ធ​កម្ម-​ហានីភ័យ និង​ឱកាស​នៃ​ការ​ផ្តល់​សេវា​នៅ​កម្ពុជា (ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក ឆេង សុភ័ក្ត្រ មន្ត្រី​លទ្ធកម្ម គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តីពី ការ​វាយ​តម្លៃ​លទ្ធកម្ម-​ហានីភ័យ និង​ឱកាស​នៃ​ការ​ផ្តល់​សេវា​នៅ​កម្ពុជា នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ សហការ​រៀបចំ​ដោយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក។ មានសិក្ខាកាមចូលរួម ៤០នាក់ ជាមន្រ្តីតំណាងក្រសួង ស្ថាប័នជំនាញ សាកលវិទ្យាល័យ និងស្ថាប័នឯកជន ក្រុមហ៊ុន SPA INFOSSUV EAST AFRICA ដែលធ្វើការសិក្សាវាយតម្លៃលើកិច្ចដំណើរការលទ្ធកកម្មនៅកម្ពុជា និងមន្រ្តីធនាគារពិភពលោកប្រចាំរាជធានីភ្នំពេញ និងទីក្រុងបាងកក។

សិក្ខាសាលាមានគោលបំណងបង្ហាញជូននូវឯកសាររបាយការណ៍បឋម និងពិភាក្សាដើម្បីបានជាធាតុចូលសម្រាប់កែលំអសេចក្តីព្រាងឯកសាររបាយការណ៍។ អង្គសិក្ខាសាលាបានបញ្ជាក់ជូនថា ក្រុមហ៊ុនបានចាប់ផ្តើមការងាររបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៧ ដោយបានចុះសិក្សាប្រមូលព័ត៌មានពីបណ្តាក្រសួងសំខាន់ៗរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម និងបន្ទាប់មកបានរៀបចំរបាយការណ៍បឋម ដែលត្រូវដាក់ឆ្លងអង្គសិក្ខាសាលានាថ្ងៃនេះ ហើយរបាយការណ៍បញ្ចប់ នឹងរៀបចំក្នុងខែមេសា ឆ្នាំ២០១៧។ ឯកសាររបាយការណ៍បានបង្ហាញពីគោលបំណងនៃការសិក្សា ដំណើរការ និងវិធីសាស្រ្តសិក្សា និងបានបង្កើតសំណួរសាកសួរពាក់ព័ន្ធនឹងប្រព័ន្ធលទ្ធកម្មកម្ពុជា ដំណើរការការដេញថ្ងៃ ការជ្រើសរើស និងការសម្រេចកិច្ចសន្យា​។ ការសិក្សានេះនឹងសម្រេចគោលបំណងសំខាន់បានរបាយការណ៍ជាតិមួយ ដែលនឹងជួយបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការធ្វើលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា ដែលជាផ្នែកមួយជម្រុញឱ្យការផ្តល់សេវាសាធារណៈនៅកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសតំណាក់កាលនៃការអនុវត្តកម្មវិធីកែទម្រង់តំណាក់កាលទី៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។

អង្គសិក្ខាសាលាបានពិភាក្សា និងឯកភាពថា ស្នើសុំក្រុមហ៊ុនសិក្សាបន្តស្វែងយល់បានច្បាស់ពីប្រព័ន្ធលទ្ធកម្មកម្ពុជា ការអនុវត្តជាក់ស្តែងកម្រិតជាតិ និងបានស្នើសុំពិនិត្យកែសម្រួលឡើងវិញបណ្តាសំណួរសាកសួរបានច្បាស់លាស់តាមបរិបទប្រទេស និងអន្តរជាតិ មុនចុះស្រង់ទិន្នន័យ និងព័ត៌មានពីបណ្តាក្រសួង ស្ថាប័ននាពេលខាងមុខ និងស្នើមានវគ្គបំពាក់បំប៉នផងដែរ ដើម្បីបានយល់ច្បាស់ និងឆ្លើយចំគោលដៅ៕