ឯកឧត្តម វ៉ាត់ បុត្តកុសល ទទួលជួបពិភាក្សាការងារជាមួយក្រុមជំនាញ ធនាគារពិភពលោក (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋាន គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានទទួលជួបពិភាក្សាការងារជាមួយក្រុមជំនាញ ធនាគារពិភពលោក ដែលដឹកនាំដោយលោក Christophe Crepin, Manager Environment and Natural Resources East Asia and Pacific Region និងអមដំណើរដោយមន្រ្តី៣រូប គឺលោក Bunlong Leng, Environment Specialist លោកស្រី Maria Dumprt, Consultant និងលោកស្រី ANJALI ACHARYA, Environment Sector Coordinator។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីដំណើរវិវត្តិនៃការការវិភាគជាប្រព័ន្ធសម្រាប់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរក្សាកំណើនសេដ្ឋកិច្ចជាតិ និងសំណើបន្តគម្រោងអភិវឌ្ឍន៍។
ឯកឧត្តម វ៉ាត់ បុត្តកុសល បានជម្រាបជូនអំពីដំណើរការវិវត្តរីកចម្រើននៃការខិតខំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងកិច្ចសហការជាមួយបណ្តាក្រសួងជាសមាជិក អនុវត្តន៍កិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេស ក្នុងនោះការងារពាក់ព័ន្ធនឹងទឹក កិច្ចសហការជាមួយប្រទេសសមាជិកក្នុងក្របខ័ណ្ឌ គណៈកម្មការទន្លេមេគង្គ ដូចជាគម្រោងឆ្លងដែន និងកម្មវិធីការងារផ្សេងទៀត ក្នុងនោះ ការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងការងារក្របខ័ណ្ឌជាតិ លើការអអនុវត្តគម្រោងធនធានទឹកចម្រុះមេគង្គ ក្រោមជំនួយពីធនាគារពិភពលោក។ ចំពោះ រយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ ឯកឧត្តមបានជម្រាបជូនគំនិតផ្តួចផ្តើមថ្មី រៀបចំដោយក្រុមការងារដែលមានមន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីរដ្ឋបាលព្រៃឈើ លើសេចក្តីព្រាងឯកសារទស្សនទាន នៃគម្រោងវិនិយោគលើការគ្រប់គ្រង និងអភិរក្សចម្រុះព្រៃឈើសម្រាប់តំបន់ជួរភ្នំក្រវ៉ាញ ដើម្បីគាំទ្រមុខងារធនធានធម្មជាតិដែលផ្សារភ្ជាប់នឹងការគ្រប់គ្រងធនធានធម្មជាតិបឹងទន្លេសាប សម្រាប់ឆ្នាំ ២០១៨-២០២២ ឬ ២០២៧។
ក្រុមបេសកកម្ម ធនាគារពិភពលោក បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រក្សាបានការងារសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌជាតិ និងលើកគំនិតផ្ទួចផ្តើមថ្មីសម្រាប់រយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ។ ក្រុមធនាគារពិភពលោក ស្នើសុំពិចារណាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម លើការអភិវឌ្ឍតំបន់មេគង្គដីសណ្ត ដែលនឹងពង្រឹងការសន្ទនា ការវិនិយោគរួម និងបានបញ្ជាក់ថា ក្រោមថវិកានៃគារពិភពលោក ៣១០លាន ដែលបានអនុម័តរួចហើយ វៀតណាម កំពុងមានការសិក្សាអំពីកំណែទម្រង់ការអភិវឌ្ឍតំបន់ដីសណ្តមេគង្គវៀតណាមលើការគ្រប់គ្រង និងបញ្ជៀសទឹកជំនន់ នៅខេត្តជាប់នឹងប្រទេសកម្ពុជា ហើយចាំបាច់សហការជាមួយកម្ពុជា។ ឯកសារពាក់ព័ន្ធនឹងបញ្ជូនមកកម្ពុជា ដើម្បីពិចារណា និងចូលរួមសហការ។
លោក Crepin បញ្ជាក់ថា នៅចុងខែកក្កដា ឆ្នាំ២០១៧ នឹងបញ្ជូលក្នុងកំណត់ហេតុថ្មីរបស់ធនាគារពិភពលោក ដែលកត់សម្គាល់ពីដំណើរវិវត្តរីកចម្រើននានា នៃការខិតខំរបស់វិស័យពាក់ព័ន្ធ គាំទ្ររក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសំណើគំនិត ឬគម្រោងថ្មីសម្រាប់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ពិនិត្យពិចារណា។ លោកបានគាំទ្រនឹងគំនិតផ្តួចផ្តើមថ្មីនៃគម្រោង ដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានរៀបចំ។ ឯកឧត្តម វ៉ាត់ បុត្តកុសល បានបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោកលើការអនុវត្តគម្រោងបច្ចុប្បន្ន និងអនាគត ដែលមានផលប្រយោជន៍សំខាន់សម្រាប់ភាពរីកចម្រើនសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់ប្រទេស៕