សិក្ខាសាលាបណ្តុះបណ្តាលស្តីពី សៀវភៅគ្រប់គ្រងហិរញ្ញវត្ថុ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ (ថ្ងៃទី ៣០-៣១ ខែសីហា ឆ្នាំ២០១៧)
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី សៀវភៅគ្រប់គ្រងហិរញ្ញវត្ថុ នៃគម្រោង គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សមាសភាគ២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជានាយកគម្រោង ដោយមានសិក្ខាកាមចូលរួមចំនួន ៣១ នាក់ ជាមន្រ្តី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌុលគីរី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្រ្តីធនាគារពិភពលោក។
សិក្ខាសាលានេះមានគោលបំណងដើម្បី៖
១. ផ្សព្វផ្សាយសៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់សមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣
២. ណែនាំអំពីរបៀបអនុវត្តន៍សៀវភៅក្បួន គ្រប់គ្រងហិរញ្ញវត្ថុដោយការពង្រឹងសមត្ថភាពយល់ដឹងកាន់តែច្បាស់នូវខ្លឹមសារ និងអត្ថន័យ និងផលប្រយោជន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគម្រោង
៣. អនុវត្តន៍ជាក់ស្តែងសកម្មភាពតាមទម្រង់ដែលមានការរៀបចំសំណើ ការចំណាយ និងការទូទាត់ផ្នែកហិរញ្ញវត្ថុ ដែលមានចែងក្នុងសៀវភៅក្បួន
៤.ទទួលបានមតិយោបល់ និងអនុសាសន៍ពីសិក្ខាកាម ដែលជាធាតុចូលសំខាន់សម្រាប់ការកែសម្រួលសៀវភៅក្បួនកាន់តែមានគុណភាពខ្ពស់៕