Developed by Khmer Focus

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី ការ​អនុវត្ត​ពាក់​កណ្ដាល​អណត្តិ នៃ​ការ​សិក្សា​លើ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧)

កំពង់ចាម៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា សហការ​ជា​មួយ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ លើ​របាយការណ៍​ពាក់​កណ្តាល​អណត្តិ នៃ​គម្រោង​សិក្សា​លើ​ការ​អភិវឌ្ឍ និង​គ្រប់គ្រង​ធន​ធាន​ទឹក លើ​ទន្លេ​មេគង្គ ដែល​ភ្ជាប់​ជា​មួយ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទន្លេសាប នៅ​ទីរួម​ខេត្ត​កំពង់ចាម ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ សរុប​ចំនួន ៣៥រូប។

គម្រោងនេះទ្រទ្រង់ថវិកាដោយសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានមេគង្គ នឹងដឹកនាំអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម ដែលមានរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមពីខែមីនា ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៨ ខាងមុខ។ គម្រោងនេះបែងចែកជាពីរតំណាក់កាលគឺ តំណាក់កាលបឋម មានរយៈពេល ៣ខែ (មីនា ដល់ ឧសភា ២០១៧) និងតំណាក់កាលរៀបចំរបាយការណ៍អំពីការសិក្សា មានរយៈពេល ៩ខែ (មិថុនា ២០១៧ ដល់ មីនា ២០១៨)។

គម្រោងនេះនឹងផ្តល់នូវលទ្ធផលដូចខាងក្រោម៖

១- ​របាយការណ៍វាយតម្លៃអំពីស្ថានភាពព័ត៌មាន និងចំណេះដឹង ក្នុងតំបន់មេគង្គ-ទន្លេសាប និងវាលទំនាបដីសើម

២- ​របាយការណ៍វាយតម្លៃលើប្រព័ន្ធអេកូឡូស៊ី ផលប៉ះពាល់ពីការអភិវឌ្ឍនៅផ្នែកខាងលើ មកលើវិស័យជលផល កសិកម្ម និងតំបន់ដីសើម

៣- ​ការវាយតម្លៃបុរេលក្ខណៈជលសាស្រ្ត សម្រាប់ការបង្វែរទឹកនៅដើមទឹកជំនន់ ពីមេគង្គ ចូលទន្លេសាប

៤- ​ការស្នើរចនាបទរូបសាស្រ្ត សម្រាប់ការបង្វែរទឹក

៥- ​ការវិភាគសេដ្ឋកិច្ច-សង្គមលើតំបន់ដែលត្រូវបង្វែរទឹក និង

៦- ​ការស្នើឡើងនូវទិសដៅយុទ្ធសាស្រ្ត សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវាលទំនាប។

សិក្ខាសិលានេះធ្វើឡើងដើម្បី៖

១. ស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ភាពប្រឈម និងផែនការឆ្ពោះទៅរកការបញ្ចប់គម្រោង

២. ធ្វើការពិភាក្សា និងផ្តល់យោបល់លើការប្រមូលព័ត៌មាន និងទិន្នន័យបន្ថែម

៣. បង្កើតទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ ដើម្បីកំណត់នូវសក្តានុពលភាពនៃបញ្ហារសើប និងការលំបាក និង

៤. កំណត់នូវកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងៗ ទៅក្នុងកម្រិតជាតិ និងកម្រិតតំបន់​៕