Developed by Khmer Focus

បេសកកម្ម

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយ ដែលស្ថិតនៅក្រោមការ​គ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងអភិវឌ្ឍន៍ធានធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ។
 

តួនាទី និងភារកិច្ច

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានតួនាទី និងភារកិច្ចដូចតទៅ៖

  • ជាសេនាធិការជំនួយការឱ្យរាជរដ្ឋាភិបាល សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង ការពិនិត្យពិចារណា ការសិក្សា ការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីបុព្វហេតុសេដ្ឋកិច្ចប្រទេសជាតិ
  • ធ្វើការសិក្សា ពិនិត្យពិចារណា ហើយលើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចលើរាល់បញ្ហាទាំងឡាយណា ដែលទាក់ទងនឹងការកសាងផែនការ ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង ការថែរក្សា ការពារ និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព
  • សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នជាតិ ក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព
  • រួមសហការជាមួយក្រសួង-ស្ថាប័ន-រាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីសម្រេចទាំងឡាយរបស់រាជរដ្ឋាភិបាល ស្ដីពីអាងទន្លេមេគង្គ
  • ពង្រឹងសហប្រតិបត្តិការជាមួយនឹងគណៈកម្មាធិការជាតិទន្លេមេគង្គ នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ជាមួយបណ្ដាដៃគូអភិវឌ្ឍន៍ ដៃគូសន្ទនា និងអង្គការអន្តរជាតិផ្សេងៗ ក្នុងការពិនិត្យពិចារណា ការសិក្សា ការអភិវឌ្ឍ ការគ្រប់គ្រង និងការថែរក្សាធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ ឱ្យបានសមស្របទៅនឹងផលប្រយោជន៍ដ៏សមរម្យ របស់បណ្ដាប្រទេសជាសមាជិក និងដោយត្រឹមត្រូវតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីអាងទន្លេមេគង្គ
  • ធ្វើទំនាក់ទំនងសម្របសម្រួលជាមួយគណៈកម្មការទន្លេមេគង្គ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកទុនជម្រុញការសិក្សា និងការអភិវឌ្ឍគម្រោង ឱ្យបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់
  • គៀងគររកមធ្យោបាយ និងធនធាន ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងវិស័យធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ក្នុងអាងទន្លេមេគង្គ
  • អប់រំ បណ្ដុះបណ្ដាល និងលើកកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធ

បំពេញភារកិច្ចផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។