Developed by Khmer Focus
វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី វិធី​សាស្ត្រ​កសាងផែន​ការ​បន្ស៊ាំ និង​សិក្ខា​សា​លា​កំណត់​វិសាល​ភាព​នៃ​គម្រោង​សាក​ល្បង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ លើ​បរិបទ​គ្រប់​គ្រង​ទឹក​ជំនន់ (ថ្ងៃទី ២៦-២៩ ខែសីហា ឆ្នាំ២០១៤)

(MRC-FMMP)

វៀងច័ន្ទ៖ វគ្គ​បណ្ដុះ​បណ្តាល​ស្តី​ពី វិធីសាស្ត្រ​កសាងផែនការបន្ស៊ាំ និងសិក្ខាសា​លា​កំណត់​វិសាល​ភាព នៃ​គម្រោង​សាក​ល្បង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ លើ​បរិបទ​គ្រប់​គ្រង​ទឹក​ជំនន់ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទី​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម។ កម្ពុជា​មាន​សមាស​ភាព​ចូល​រួម​ចំនួន ០៦រូប ដែល​ជា​សមាជិក​ក្រុម​ការ​ងារ​នៃ​គម្រោង តំណាង​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​តាកែវ គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ខេត្ត​តាកែវ និង​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

វគ្គបណ្តុះ​បណ្តាល​នេះ បាន​ធ្វើ​ឱ្យ​សក្ខា​កាម​ទាំង​អស់​យល់​ជ្រួត​ជ្រាប​អំពី​ពាក្យ​គន្លឹះ​នានា ពាក់ព័ន្ធ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​វិធី​សាស្ត្រ​កសាង​ផែន​ការ​បន្ស៊ាំ។ អង្គ​សិក្ខា​សា​លា​បាន​ឯក​ភាព​គ្នា​ទៅ​លើ​ឯក​សារ​ទស្សន​ទាន​គម្រោង ល័ក្ខ​ខ័ណ្ឌ​ការ​ងារ​របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ និង​ឯក​ភាព​លើ​ជំហាន​ទាំង ០៨ សម្រាប់​ការ​អនុវត្ត​គម្រោង​សាក​ល្បង​នេះ។ ប្រទេស​កម្ពុជា បាន​ជ្រើស​រើស​យក​ស្រុក​កោះអណ្តែត នៃ​ខេត្ត​តាកែវ ជា​ទីតាំង​គម្រោង។ គម្រោង​សាក​ល្បង​នេះ ត្រូវ​បាន​គេ​គ្រោង​អនុវត្តន៍​ពី​ខែ​មីនា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ តែ​ដោយ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​អនុវត្ត គេ​អាច​ពន្យា​ពេល​ដល់​ដើម​ឆ្នាំ​២០១៥៕