Developed by Khmer Focus
សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តី​ពី ការ​លើក​សំណើ​គម្រោង ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​គម្រោង​សម្រាប់​វិមជ្ឈការ និង​មុខ​ងារ​ស្នូល​របស់​​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ០៣-០៥ ខែកញ្ញា ឆ្នាំ២០១៤)

(CNMC-ICBP)

សៀមរាប៖ កម្ម​វិធី​កសាង​សមត្ថ​ភាព​ចម្រុះ នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្ដុះ​បណ្ដាល​ស្ដី​ពី ការ​លើក​សំណើ​គម្រោង ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​គម្រោង សម្រាប់​វិមជ្ឍការ និង​មុខ​ងារ​ស្នូល របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​សម្រាប់​កម្ពុជា នៅសាលប្រជុំសណ្ឋាគារសោម៉ាទេវីអង្គរ ក្រុង​សៀមរាប ក្រោមជំនួយថវិកា របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មក​ពី​ក្រសួង ស្ថាប័ន​ជា​សមាជិក និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា សរុប​ចំនួន ៣០រូប។ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្នុង​នាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ថ្លែង​ស្វាគមន៏​បើក​ក្នុង​ឱកាស​នោះ​ថា គោល​បំណង​នៃ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​រយៈ​ពេល​បី​ថ្ងៃ​នេះ​គឺ ដើម្បី​បង្កើន​សមត្ថ​ភាព​យល់​ដឹង​បន្ថែម ជូន​ដល់​មន្ត្រី​អនុវត្តន៍​គម្រោង និង​ដើម្បី​ជួប​ជុំ​គ្នា​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់ ការ​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធន៏ វិធី​សាស្ត្រ​ត្រួត​ពិនិត្យ តាម​ដាន ក្នុង​ពេល​អនុវត្តន៍​គម្រោង និង​ការ​វាយ​តម្លៃ​គម្រោង និង​ការ​កំណត់​សូចនាករ​សំខាន់ៗ​ក្នុង​ក្រប​ខ័ណ្ឌ និង​បរិបទ​សម្រាប់​វិមជ្ឈការ និង​មុខ​ងារ​ស្នូល ក្នុង​ការ​គ្រប់​គ្រង​អាង​ទន្លេ​មេគង្គ។

អង្គ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​រយៈ​ពេល​បី​ថ្ងៃ​នេះ​រំពឹង​ថា សិក្ខា​កាម​ទាំង​អស់​នឹង​ទទួល​បាន​មេរៀន​បទ​ពិសោធន៍ និង​វិធី​សាស្ត្រ​រៀប​ចំ​សំណើ​គម្រោង ការ​ត្រួត​ពិនិត្យ​ដំណាក់​កាល​អនុវត្តន៍​គម្រោង និង​ការ​វាយ​តម្លៃ​គម្រោង ព្រម​ទាំង​ការ​កំណត់​ក្រប​ខ័ណ្ឌ សូចនាករ នៃ​ការ​គ្រប់​គ្រង​អាង​ទន្លេ​មេគង្គ​សម្រាប់​ឱ្យ​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដែល​នឹង​ចូល​រួម​អនុវត្តន៍​វិមជ្ឈ​ការ និង​មុខ​ងារ​ស្នូល របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ យក​ទៅ​អនុវត្តន៍ និង​បន្ត​ផ្សព្វ​ផ្សាយ​ដល់​អង្គភាព​របស់​ខ្លួន​ឱ្យ​បាន​ជ្រាប​ផង​ដែរ៕