(CNMC-PNPCA)
បាត់ដំបង៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ លើកទី២ សម្រាប់តំបន់បឹងទន្លេសាបកម្ពុជា ស្តីពីសំណើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ដែលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិលើកទី១ សម្រាប់តំបន់ទន្លេមេគង្គកម្ពុជា បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៧-១៨ ខែតុលា ឆ្នាំ២០១៤ នៅខេត្តស្ទឹងត្រែង។
ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ នីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង របស់គណៈកម្មការទន្លេមេគង្គ សម្រាប់កម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ងួន រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងបើកកិច្ចប្រជុំនេះ ដែលមានអ្នកចូលរួមប្រមាណ ៨០នាក់ អញ្ជើញមកពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងាររបស់គណៈកម្មការរួមសម្រាប់តាមដាន វាយតម្លៃ និងរាយការណ៍ពីគម្រោងទំនប់វារីអគ្គិសនី ដន សាហុង សម្រាប់កម្ពុជា ក្រុមការងារតាមដាន វាយតម្លៃ និងរាយការណ៍អំពីការវិវត្តនៃការអភិវឌ្ឍទំនប់វារីអគ្គិសនីលើទន្លេមេ និងដៃទន្លេមេគង្គ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បណ្តាមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ បណ្តាសហគមន៏មូលដ្ឋាន នៃបណ្តាខេត្តពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលនៅមូលដ្ឋាន និងបណ្តាអ្នកពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំនេះនឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ ២គឺ៖
១. ផលប៉ះពាល់ (ជាពិសេសផលប៉ះពាល់ឆ្លងដែន) និងក្តីកង្វល់បណ្តាលមកពីទំនប់វារីអគ្គិសនី ដែលអាចនឹងកើតមានមកលើប្រទេសកម្ពុជា និង
២. វិធានការដែលអាចជួយបញ្ចៀស កាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់ទាំងនោះ។
លទ្ធផលដែលនឹងទទួលបានពីកិច្ចប្រជុំនេះគឺ ការប្រមូលបាននូវក្តីកង្វល់ និងអនុសាសន៍ពីសំណាក់ បណ្តាមន្ទីរជំនាញ សហគមន៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើសំយោគសម្រាប់ជាមូលដ្ឋានពិចារណាដោយសមាជិកគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គនៃភាគីកម្ពុជា និងសម្រាប់ប្រើប្រាស់ជាការ រួមចំណែកក្នុងការរៀបចំ ”ទម្រង់ឆ្លើយតបជាផ្លូវការក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ” ទៅប្រទេសជាសមាជិកផ្សេងទៀត អំពីទស្សនៈកម្ពុជាលើសំណើរគម្រោងវារីអគ្គិសនី ដន សាហុង៕