(MRC-BDP)
ចំប៉ាសាក់៖ គណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ វិសាមញ្ញនៃបណ្តាមិត្ត និងប្រទេសនៅទន្លេមេគង្គភាគខាងក្រោម ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាមេរិក (US-Lower Mekong Initiative LMI) ស្តីពី និរន្តរភាពមេគង្គ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ មានការអញ្ជើញចូលរួមពីមន្រ្តីតំណាងប្រទេសសមាជិក កម្ពុជា ឡាវ ថៃ វៀតណាម និងប្រទេសមីយ៉ានម៉ា គណៈកម្មការទន្លេមេគង្គ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី សហគមន៍អ៊ឺរ៉ុប សាធារណរដ្ឋកូរ៉េ ជប៉ុន អាល្លឺម៉ង់ ហ្វាំងឡងដ៍ ដាណឺម៉ាក ស៊ុយអ៊ែត ញូស៊ីឡង់ដ៍ អូស្ត្រាលី ហូឡង់ដ៍ ប៊ែលហ្សីក និងសហរដ្ឋអាមេរិក សរុបចំនួន ៨២រូប។
គោលបំណងនៃកិច្ចប្រជុំ៖ (១) បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានានូវវិបុលសុខ និងចីរភាពនៃអនាគតអនុតំបន់មេគង្គ ដែលជាមនសិការសំខាន់សម្រាប់ដំណើរការសហគមន៍អាស៊ាន និង (២) ធ្វើឱ្យភាពខ្វះចន្លោះនៃការអភិវឌ្ឍកាន់តែតូច (៣) កសាងភាពស្ថិតស្ថេរនៃភាពដៃគូអាស៊ីអាគ្នេយ៍ដើម្បីធ្វើឱ្យប្រាកដប្រជានៃគោលដៅរបស់ ASEAN។
នៅក្នុងពិធីបើក លោក Viraphone Viravong អនុរដ្ឋមន្រ្តីរ៉ែ និងថាមពល នៃប្រទេសឡាវ បានបញ្ជាក់ថា ប្រទេសឡាវបានកំណត់អាទិភាពអភិវឌ្ឍន៍ថាមពលវារីអគ្គិសនី តែធានាបាននូវនិរន្តរភាពក្នុងកម្រិតខ្ពស់ តាមរយៈបច្ចេកវិជ្ជាទំនើប និងការឆ្លើយតបនឹងសង្គម និងបរិស្ថាន។ ប្រធានប្រតិភូនៃប្រទេសសមាជិក LMI និងបណ្តាប្រទេស ដៃគូអភិវឌ្ឍន៍ ដែលជាមិត្ត-ដៃគូ របស់ US-LMI បានចាប់អារម្មណ៍ និងបង្ហាញនូវការប្តេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកសាង និងពង្រឹងសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ទន្លេមេគង្គ និងការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសចំពោះប្រទេសជាសមាជិក និងសម្រាប់គណៈកម្មការទន្លេមេគង្គ។ អង្គប្រជុំបានសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលត្រូវធានាបាននូវភាពប្រទាក់គ្នារវាងសន្តិសុខ-សុវត្ថិភាពទឹក ស្បៀង និងថាមពល (Water-Food-Energy Security Nexus) ក្នុងតំបន់ទាំងមូល។
កិច្ចប្រជុំបានស្តាប់បទឧទេ្ទសនាមពីបទពិសោធន៍អភិវឌ្ឍន៍ និងចំណេះដឹង ជាពិសេសទន្លេ Danube នៅសហគមន៍អ៊ឺរុប គណៈកម្មការទន្លេ Mississippi នៅសហរដ្ឋអាមេរិក និងគណៈកម្មការទន្លេមេគង្គ។ បន្ទាប់មកកិច្ចប្រជុំបានបែងចែកជា ៣ផ្នែក ដើម្បីពិភាក្សាលម្អិតតាមប្រធានបទ (១) ក្របខ័ណ្ឌការពារ (២) ហិរញ្ញវត្ថុនៃការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធ និង (៣) ផែនការ និងការគ្រប់គ្រង។
ចំណុចរួមបានឯកភាពដោយតំណាងប្រទេស និងដៃគូ FLM មានដូចខាងក្រោម៖
- បានទទួលស្គាល់ចំពោះតម្រូវការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអាងទន្លេ ជាមួយគ្រប់ប្រទេសមានព្រំប្រទល់ជាប់គ្នា ដែលជាបរិធាន-ឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍដ៏ចិរភាពក្នុងតំបន់
- បានបង្ហាញពីសារសំខាន់នៃអភិក្រមប្រទាក់គ្នា (Nexus Approach) ដែលពិចារណាពីការផ្សារភ្ជាប់គ្នារវាងទឹក ថាមពល និងស្បៀង ដើម្បីការលូតលាស់សេដ្ឋកិច្ចទៅមុខ ជាពិសេសក្នុងបរិបទនៃភាពឆាប់រហ័សនៃបម្រែបម្រួលអាកាសធាតុ
- បានទទួលស្គាល់ពីសារសំខាន់នៃការកំណត់អាទិភាព និងមធ្យោបាយអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងកម្រិតជាតិ និងរួមគ្នាកម្រិតតំបន់ជាដៃគូ ដើម្បីប្រើប្រាស់ជា ឧបករណ៍ជាក់ស្តែងសម្រាប់វាយតម្លៃហេតុប៉ះពាល់នៃផែនការអភិវឌ្ឍន៍ និងដើម្បីពង្រឹងដំណើរការនៃការធ្វើសេចក្តីសម្រេចដែលមានភស្តុតាង
- បានឯកភាពថា ការកសាងភាពដៃគូពហុវិស័យនៅកម្រិតជាតិ ក្រោមជាតិ និងតំបន់ មានសារសំខាន់ដើម្បីដោះស្រាយការអភិវឌ្ឍអាងទន្លេ និងភាពប្រឈមនានា ទាក់ទងនឹងទឹកក្នុងអាងទន្លេមេគង្គ
- បានឯកភាពថា ការផ្លាស់ប្តូរនូវភាពប្រឈមដែលលេចធ្លោរ នៃការប្រទាក់គ្នារវាងសន្តិសុខទឹក ស្បៀង និងថាមពល ទៅជាកាលានុវត្តភាពសម្រាប់ការលូតលាស់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាចំណុចអាទិភាពរួមមួយ
- បានឯកភាពគាំទ្រការអភិវឌ្ឍប្រកបដោយចិរភាពក្នុងតំបន់ទន្លេមេគង្គ រួមមាន បណ្តាវិស័យ កសិកម្មទំនើប ការគ្រប់គ្រងទឹក ប្រសិទ្ធភាពថាមពល និងក្របខ័ណ្ឌការងារបរិស្ថាន
- បានឯកភាពលើសារសំខាន់នៃបណ្តាញភ្ជាប់ថាមពលរួមគ្នាក្នុងតំបន់ (Integrated Regional Power Grid) ដើម្បីគាំទ្រដល់ការគិតពិចារណា Trade-off ដោយប្រទាក់គ្នាក្នុងតំបន់ទាំងមូល ដោយសមធម៌ និងដើម្បីជួយប្រទេសមេគង្គចុះសម្រុងជាមួយគ្នាតាមបទដ្ឋានប្រតិបត្តិការ និងបច្ចេកទេស
- សមាជិកដៃគូ FLM និងស្ថាប័នក្នុងតំបន់ ជាពិសេស គណៈកម្មការទន្លេមេគង្គ បានអះអាងជួយដល់ការអនុវត្តកម្មវិធីបច្ចេកទេស ដើម្បីភាពជឿនលឿនទៅមុខនៃចិរភាពក្នុងអនុតំបន់មេគង្គ
- បានអះអាងពីសារសំខាន់នៃការខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលរវាងក្របខ័ណ្ឌអនុតំបន់មេគង្គ ដូចជាករណីប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្មវិធីមេគង្គ និងជប៉ុន និង LMI៕