Developed by Khmer Focus
កិច្ច​ប្រជុំ​លើក​ទី​៧ នៃ​កម្ម​វិធី​និរន្តរ​ភាព​វារីអគ្គិសនី របស់​គណៈ​កម្មការ​​ទន្លេ​មេគង្គ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥)

(MRC-ISH)

ភ្នំពេញ៖ កិច្ច​ប្រជុំ​​លើក​ទី៧ នៃ​កម្ម​វិធី​​និរន្តរ​ភាព​​វារីអគ្គិសនី​ របស់​គណៈ​កម្មការ​​ទន្លេ​មេគង្គ បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខា​ធិការ​​ដ្ឋាន​​​គណៈ​កម្ម​ការ​​ទន្លេមេគង្គ ដឹក​នាំ​ដោយ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​​កម្មា​ធិ​ការ​​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោក សូ សុភ័ទ្ទ តំណាង​លេខា​ធិការ​ដ្ឋាន​គណៈ​កម្ម​ការ​​ទន្លេ​មេគង្គ និង​មាន​ការ​ចូល​រួម​​ពី​សមា​​ជិក​​ក្រុម​ប្រឹក្សា​ផ្តល់​យោ​បល់​​នៃ​ប្រទេស​​ជា​​​សមា​ជិក​​​​មេគង្គ ដៃ​គូ​​អភិវឌ្ឍន៍ និង​ក្រុម​ការ​ងារ​​លេខា​ធិការ​ដ្ឋាន​​គណៈ​កម្ម​ការ​​ទន្លេ​មេគង្គ សរុប​ចំនួន ៣២រូប។ ដោយ​ឡែក សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​រួម​មាន ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខា​ធិ​ការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក​បណ្ឌិត ប៊ុន ណារិទ្ធ អគ្គ​​នាយក​រង ក្រសួងរ៉ែ និង​ថាមពល លោក ថេង ម៉ារិទ្ធ ប្រធាន​នាយក​ដ្ឋាន​បញ្ញត្តិកម្ម អាជ្ញាធរ​​អគ្គិសនី​​កម្ពុជា លោក ឈាង ហុង ប្រធាន​​នាយក​ដ្ឋាន​​គ្រប់​គ្រង​ព័ត៌មាន និង​​ចំណេះ​​ដឹង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក ទេស សុផារិទ្ធ ជំនាញ​​ការ​ជាតិ និង​កញ្ញា គង់ ឡាមៀលពិសី ជំនួញ​ការ​​កម្ម​វិធី​និរន្តរ​ភាព​វារីអគ្គិសនី គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

ឯកឧត្តម​ប្រធាន​អង្គ​ប្រជុំ​បាន​មាន​ប្រសាសន៍​ថា កម្ម​វិធី​​និរន្តរ​​ភាព​​​វារី​អគ្គិ​សនី​ បាន​នឹង​​កំពុង​អនុវត្ត​​ដោយ​​អនុលោម​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​ ឆ្នាំ​២០១៣-​២០១៥​ របស់​​គណៈ​​កម្ម​ការ​​ទន្លេ​​មេ​គង្គ ក្នុង​ក្រប​ខ័ណ្ឌ​ការ​ងារ (១) ការ​លើក​កម្ពស់​ការ​យល់​ដឹង កិច្ច​​សន្ទនា និង​ការ​​ប្រាស្រ័យ​​​ទាក់​ទង (២) ការ​កសាង​សមត្ថ​ភាព និង​គាំ​ទ្រ​មូល​ដ្ឋាន​​ចំណេះ​ដឹង (៣) ការ​​គាំ​ទ្រ​លើ​​ការ​​កសាង​ផែន​ការ​​ថ្នាក់​តំបន់ និង (៤) ការ​ផ្តល់​ហិរញ្ញប្បទាន និង​​ការ​​​វាយ​​តម្លៃ​​និរន្តរ​ភាព ដោយ​​អនុវត្ត​​គោល​ការណ៍​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ សំដៅ​​ជម្រុញ​​ដល់​​ការ​​គ្រប់​​គ្រង និង​ការ​​អភិវឌ្ឍ​វារីអគ្គិសនី​ក្នុង​អាង​ទន្លេ​មេគង្គ ដោយ​មាន​​ការ​​​ចូល​រួម​​ពី​គ្រប់​​ភាគី​​ពាក់​​ព័ន្ធ និង​មាន​​និរន្តរ​ភាព។

អង្គប្រជុំ​បាន​វាយ​តម្លៃ​ខ្ពស់​លើ​វឌ្ឍន​ភាព​ការ​ងារ ​នៃ​ការ​អនុវត្ត​ផែន​ការ​ការ​ងារ ឆ្នាំ​២០១៤ និង​បាន​ឯក​ភាព​ជា​គោល​ការណ៍​​លើ​​ផែន​ការ​ការ​ងារ​ឆ្នាំ២០១៥ របស់​​កម្ម​វិធី​​និរន្តរ​​ភាព​​វារី​អគ្គិ​សនី ព្រម​ទាំង​បាន​គិត​គូរ​​អំពី​ការ​ងារ​អាទិភាព​ជា​យុទ្ធ​សាស្ត្រ របស់​កម្ម​វិធី​នៅ​ឆ្នាំ២០១៥ និង​បាន​គិត​គូរ​អំពី​បញ្ហា​ចំពោះ​មុខ ដែល​រួម​ចំណែក​ដល់​ការ​សិក្សារបស់​ក្រុម​ប្រឹក្សា នៃ​គណៈ​កម្ម​ការ​ទន្លេ​មេគង្គ។ អង្គប្រជុំ​ក៏​បាន​ពិនិត្យ និង​​ពិភាក្សា​លើ​ការ​ងារ​ចម្បងៗ​រួម​មាន (១) អាង​​ទន្លេ​ដែល​​មាន​​បញ្ហា​អេកូ​ឡូស៊ី និង​​ការ​​​កសាង​ផែន​ការ​វារីអគ្គិសនី (២) ការ​វាយ​តម្លៃ​គម្រោង​​វារីអគ្គិសនី​​ជា​ពហុ​​បំណង (៣) របាយ​​ការណ៍​ស្តីពី ព័ត៌​មាន​គោល​ផ្នែក​សេដ្ឋកិច្ច-​សង្គម និង​បរិស្ថាន សម្រាប់​​ផែន​ការ​​​​វារី​អគ្គិ​​សនី (៤) ឧបករណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់ និង​​គោល​ការណ៍​ណែនាំ​​អំពី​​គ្រោង​​ប្លង់​​គម្រោង (៥) ការ​ចែក​រំលែក​ផល​ប្រយោជន៍ និង (៦) ការ​គិត​គូរ​អំពី​ការ​​បង្កើត​​គោល​ការណ៍​​ណែនាំ​សម្រាប់​ការ​គ្រប់​គ្រង​ហានិភ័យ និង​កាត់​​បន្ថយ​ផល​ប៉ះ​ពាល់​ពី​​វារីអគ្គិសនី​ក្នុង​អាង​ទន្លេ​​មេគង្គ​​​ភាគ​ខាង​ក្រោម។

សម្រាប់​ទិស​ដៅ​ការ​ងារ អង្គ​ប្រជុំ​ក៏​បាន​ណែនាំ​ឱ្យ​​មាន​ការ​រៀប​ចំ​​ការ​ងារ​​វារីអគ្គិសនី​ឱ្យ​មាន​​និរន្តរ​​​​ភាព សម្រាប់​​អនុវត្ត​​នៅ​ក្រោយ​​ឆ្នាំ​២០១៥​ ដោយ​ត្រូវ​ផ្សារ​​ភ្ជាប់​​ទៅ​​នឹង​​​ផែន​​ការ​​យុទ្ធ​​សាស្ត្រ​២០១៦-​​២០២០ និង​យុទ្ធ​​សាស្ត្រ​​អភិវឌ្ឍន៍​​អាង​​ទន្លេ​​​ឆ្នាំ២០១៦-​២០២០ របស់​​គណៈ​កម្មការ​​​ទន្លេ​មេគង្គ និង​បាន​ត្រៀម​ដោះ​ស្រាយ​​បញ្ហា​សំខាន់ៗ ដែល​អាច​​នឹង​​កើត​មាន​​ឡើង​រហូត​ដល់​​ឆ្នាំ​២០២០។

កិច្ចប្រជុំលើក​ទី៨ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ពេល​វេលា និង​ទី​កន្លែង​តាម​​ការ​ឯកភាព​​ពី​​ប្រទេស​​ជា​សមាជិក និង​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ៕