(MRC-EP)
វៀងច័ន្ទ៖ កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការប្រតិបត្តិ នៃកម្មវិធីបរិស្ថាន របស់គណៈកម្មការទន្លេមេគង្គ (MRC) បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ប្រទេសឡាវ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មកពីបណ្តាប្រទេសដែលជាសមាជិកទាំង៤ និងបុគ្គលិកលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣៥រូប។ ដោយឡែកគណៈប្រតិភូដែលអញ្ជើញមកពីកម្ពុជាមាន ០៥រូប រួមមាន លោក ងួន គង់ អគ្គនាយករងកិច្ចការបច្ចេកទេស នៃក្រសួងបរិស្ថាន លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃ គ.ជ.ទ.ម.ក លោក ស៊ិន សំណាង អនុប្រធានក្តាប់រួម នៃនាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃ គ.ជ.ទ.ម.ក លោកស្រី ញឹម សុភា អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក ថៃ ពិសិដ្ឋ មន្ត្រីសម្របសម្រួលថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន នៃ គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១) ពិនិត្យមើលលទ្ធផលនៃការអនុវត្តកម្មវិធីបរិស្ថាន (EP) ក្រោយកិច្ចប្រជុំ Steering Committee (SCM) លើកទី៤ ២) ពង្រឹងការសម្របសម្រួល និងសហការក្នុងចំណោមបណ្តាប្រទេសជាសមាជិក ក្នុងការអនុវត្តកម្មវិធី ៣) ផ្តល់អនុសាសន៍ និងការតម្រង់ទិសសម្រាប់ឆ្នាំ២០១៥ និង ៤) ពិនិត្យ និងផ្តល់ការណែនាំលើស្ថានភាពថវិការបស់កម្មវិធី៕