(MRC-ISH)
វៀតណាម៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់លើកទី៣ ស្ដីពី ការកំណត់ផ្ទៃរងអាង ដែលមានប្រព័ន្ធអេកូឡូស៊ីងាយរងគ្រោះ សម្រាប់ការអភិវឌ្ឍដោយនិរន្តរភាព នៃវារីអគ្គិសនីនៅលើដៃទន្លេ (Ecologically Sensitive Sub-Basins) ISH01 នៃកម្មវិធីនិរន្តរភាពវារីអគ្គីសនី បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់តំណាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ពន្ធ័នៃប្រទេសជាសមាជិក និងបុគ្គលិក MRC សរុបចំនួន ៤០រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមានចំនួន ០៧រូប រួមមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរងនៃ គ.ជ.ទ.ម.ក លោក ជា ណារិន ប្រធាននាយកដ្ឋានវារីអគ្គិសនី នៃក្រសួងរ៉ែ និងថាមពល លោក ឆេង ផែន អនុប្រធានទទួលបន្ទុកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផល លោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី នៃគ.ជ.ទ.ម.ក លោក ទេស សុផារិទ្ធ ជំនាញការថ្នាក់ជាតិ ISH01 និងលោក សុខ ប៊ុនហេង ជំនាញការថ្នាក់ជាតិ ISH02។
គោលបំណងនៃការពិគ្រោះយោបល់នេះគឺ ការបង្កើតឧបករណ៍សម្រាប់ការកសាងផែនការ និងការគ្រប់គ្រង ដើម្បីជួយកំណត់នូវផលប៉ះពាល់ពីវារីអគ្គិសនី ក្នុងការការពារតំបន់ប្រព័ន្ធអេកូឡូស៊ីដែលងាយរងគ្រោះ (Ecologically Sensitive Areas) ការធ្វើឱ្យមាននិរន្តរភាពវារីអគ្គិសនី និងកំណត់ព្រំដែនផលប៉ះពាល់លើបរិស្ថាន និងសេដ្ឋកិច្ច សង្គម នៅពេលដែលវារីអគ្គិសនីត្រូវបានអភិវឌ្ឍន៍៕