Developed by Khmer Focus
សិក្ខា​សា​លា​ស្តី​ពី ការ​ចែក​រំលែក​ចំណេះ​ដឹង លើ​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ IWRM (ថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០១៥)

(CNMC-ICBP)

កំពង់ចាម៖ ឯកឧត្តម​បណ្ឌិត អាន ពេជ្រហត្ថដា អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រូម​បើក និង​ដឹក​នាំ​សិក្ខា​សា​លា​ស្តី​ពី ការ​ចែក​រំលែក​ចំណេះ​ដឹង លើ​ការ​បញ្ជ្រាប​យេនឌ័រ ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ IWRM ដែល​បាន​រៀប​ចំ​នៅ​សណ្ឋាគារ​ភ្នំប្រុស ក្រុង​កំពង់ចាម ដោយ​មាន​មន្ត្រី​ទទួល​បន្ទុក​ការ​ងារ​យេនឌ័រ មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី CNMC សរុប​ចំនួន ៣០រូប។

សិក្ខាសាលានេះ​មាន​គោល​បំណង៖ ទី១- ជម្រាប​ជូន​ពី​លទ្ធ​ផល​អនុវត្ត​ន៍​សកម្ម​ភាព​​បញ្ជ្រាប​​យេនឌ័រ របស់​កម្ម​វិធី​កសាង​សមត្ថ​ភាព​ចម្រុះ របស់ CNMC ក្នុង​ឆ្នាំ២០១១-​​២០១៥ និង​ទិស​ដៅ​បន្ត​សម្រាប់​ឆ្នាំ២០១៥ ទី២- ផ្តល់​វេទិការ​​ចែក​រំលែក​​ចំណេះ​ដឹង មេរៀន បទ​ពិសោធន៍ ដែល​ទទូល​បាន​ពី​ការ​អនុវត​ការ​ងារ​​បញ្ជ្រាប​​យេនឌ័រ​ក្នុង IWRM នៅ​តាម​វិស័យ​ពី​អ្នក​ពាក់ព័ន្ធ និង​ទទួល​យក​អនុសាសន៍​​ពី​អ្នក​​ចូល​រួម។ សិក្ខា​សា​លា​ចែក​រំលែក​នេះ បាន​ផ្តល់​បទ​បង្ហាញ​ចំនួន ៦ រួម​មាន គោល​នយោបាយ និង​យន្តការ​សំខាន់ៗ ក្នុង​ការ​លើក​កំពស់​សមត្ថ​ភាព​​យេនឌ័រ​​នៅ​​កម្ពុជា ដោយ​លោក សៅ ចន្ទោម៉ាលី តំណាង​ក្រសួង​កិច្ច​ការ​នារី។ ការ​​បញ្ជ្រាប​​យេនឌ័រ​ក្នុង​វិស័យ​ធន​ធាន​ទឹក ដោយ​លោក​ស្រី ដុំ ថាច តំណាង​ក្រសួង​​ធន​ធាន​ទឹក និង​ឧតុនិយម។ បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​គោល​នយោបាយ និង​​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ជល​ផល ដោយ​លោក ស្រី ហាប ណាវី តំណាង​រដ្ឋ​បាល​ជល​ផល។ ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​​អនាម័យ​ជន​បទ ដោយ​លោក​ស្រី ឡាច សាម៉ន តំណាង​ក្រសួង​អភិវឌ្ឍន៍​​ជន​បទ។ ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ក្រសួង​ផែន​ការ ដោយ​លោក​ស្រី ជូ ពុទ្ធានី និង​ករណី​សិក្សា​ពី​តួនាទី និង​បញ្ហា​យេនឌ័រ​ក្នុង​វិស័យ​ធន​ធាន​ទឹក​នៅ​ខេត្ត​កំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ ដោយ​លោក​ស្រី បណ្ឌិត កង គ្រឹស្នា ព្រឹទ្ធ​បុរស សកល​វិទ្យាល័យ​កសិកម្ម​ចំការ​ដូង។ ក្នុង​ឱកាស​សិក្ខា​សា​លា​នេះ​ដែរ ដោយ​មាន​​កិច្ច​សហការ​ពី​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត​កំពង់ធំ សិក្ខា​កាម​ទាំង​ អស់​​បាន​​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​សហគមន៍​ប្រើ​ប្រាស់​ទឹក ប្រព័ន្ធ​ធារា​សាស្ត្រ​ស្ទឹង​ជីនិត នៃ​ខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យ​មើល​ការ​ងារ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ទឹក​កសិកម្ម និង​យន្ត​ការ​ការ​ងារ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​គ្រប់​គ្រង​ទឹក៕