(MRC-AIP)
ទីក្រុងវៀងច័ន្ទ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំការងារបច្ចេកទេសថ្នាក់តំបន់ស្តីពី ការបង្កើតសេណារីយ៉ូនៃការអភិវឌ្ឍ បម្រែបម្រួលការប្រើប្រាស់ដីកសិកម្ម សម្រាប់ការសិក្សារបស់ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ នៅប្រទេសឡាវ ដោយមានការចូលរួមពីប្រទេសជាសមាជិក និងមន្រ្តីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣១រូប ក្នុងនោះសមាសភាពចូលរូមពីកម្ពុជាមានចំនួន ០៧រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិភាក្សាអំពីបរិបទ និងការណែនាំសម្រាប់ការបង្កើតសេណារីយ៉ូនៃការអភិវឌ្ឍបម្រែបម្រួលការប្រើប្រាស់ដីកសិកម្ម (២) ពិភាក្សាលើវិធីសាស្រ្ត និងនីតិវិធីដែលបានស្នើឡើង សម្រាប់ការអភិវឌ្ឍសេណារីយ៉ូ (៣) អភិវឌ្ឍន៍តម្រូវការទិន្នន័យ វិធីសាស្រ្ត និងឧបករណ៍សម្រាប់ការប្រមូលទិន្នន័យ និងបញ្ហាចន្លោះប្រហោងទិន្នន័យ (៤) ពិភាក្សាលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងការកសាងផែនការការងារ។
កិច្ចប្រជុំបានពិភាក្សា និងផ្តល់យោបល់ ដោយស្នើសុំឱ្យកែសម្រួលលើឯកសារលក្ខខណ្ឌអនុវត្តន៍ការងារ (TOR) មួយចំនួន និងធើ្វការកែសម្រួលឯកសារណែនាំបចេ្ចកទេស (Guideline) ការកសាងផែនការសកម្មភាពក្នុងការអនុវត្តការងារឲ្យបានឆាប់ ដើម្បីឲ្យក្រុមជំនាញការថ្នាក់ជាតិ ពិនិត្យមើល និងផ្តល់យោបល់។
អង្គប្រជុំបានពិភាក្សាផងដែរអំពីតួនាទី ភារកិច្ចរបស់ថ្នាក់តំបន់ និងថ្នាក់ជាតិ ជាពិសេស ជំនាញការអន្តរជាតិ និងជំនាញការថ្នាក់ជាតិ នៃប្រទេសជាសមាជិកនីមួយៗ (កម្ពុជា ឡាវ ថៃ និងវៀតណាម) ដែលទទួលបន្ទុកផ្នែកការប្រើប្រាស់ដីកសិកម្ម និងដីតំបន់រ៉ែ និងកែសម្រួលឡើងវិញនូវរយៈពេលនៃការអនុវត្តគម្រោង៕