(CNMC-EP)
កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការធានាគុណភាពលើការយកសំណាកទឹក និងការថែរក្សាសំណាក នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីតាមបណ្តាខេត្តទាំង ១០ នៃមន្ទីរធនធានទឹក និងឧតុនិយម (កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី, មណ្ឌលគីរី, កណ្តាល, ស្វាយរៀង, តាកែវ និងព្រៃវែង) មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS)។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី ទី១) ពិនិត្យឡើងវិញលើស្ថានភាពបច្ចុប្បន្នដែលទាក់ទងនឹងសមត្ថភាពបុគ្គលិកថ្នាក់ខេត្ត លើការយកសំណាកគុណភាពទឹក និងទី២) ផ្តល់វគ្គបណ្តុះបណ្តាលលើវិធីសាស្ត្រយកសំណាកទឹក។
ក្នុងឱកាសនៃសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល ០២ថ្ងៃនេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ សិក្ខាកាមទាំងអស់បានចុះទៅអនុវត្តន៍ជាក់ស្តែង នៅទីតាំងផ្ទាល់តាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម អំពីការយកសំណាកទឹកផងដែរ៕