(MRC-EP)
វៀងច័ន្ទ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំបច្ចេកទេស ថ្នាក់តំបន់ស្តីពី ការប្រើប្រាស់ទឹកក្នុងលំនៅដ្ឋាន និងក្នុងវិស័យឧស្សាហកម្ម នៃកម្មវិធីបរិស្ថាន នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២២រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ០៤រូប រួមមានលោក តាំង សុចិត្រា អនុប្រធាននាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម កញ្ញា ឈុន ម៉ូនីតា មន្រ្តី នៃនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃក្រសួងបរិស្ថាន លោក ស៊ុន សុខែ ទីប្រឹក្សាបច្ចេកទេសថ្នាក់ជាតិ និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ នៃកម្មវិធីបរិស្ថាន របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១) បង្ហាញពីប្រវត្តិសង្ខេប និងដំណើរការរបស់ក្រុមប្រឹក្សា (Council Study) ស្តីពី ការសិក្សាអំពីផលប៉ះពាល់ដោយការអភិវឌ្ឍក្នុងអាងទន្លេមេគង្គ ២) ពិភាក្សាលើបច្ចុប្បន្នភាព នៃដំណើរការក្នុងការប្រើប្រាស់ទឹកក្នុងលំនៅដ្ឋាន និងក្នុងវិស័យឧស្សាហកម្ម និង៣) ពិភាក្សាលើការបង្កើតសេណារីយ៉ូ និងតម្រូវការទិន្នន័យដែលត្រូវប្រើជាធាតុចូល សម្រាប់ការអភិវឌ្ឍ និងកសាងផែនការសម្រាប់ជំហ៊ានបន្ទាប់៕