(CNMC-AIP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបង្កើតសេណារីយ៉ូ នៃការអភិវឌ្ឍន៍ តំបន់ស្រោចស្រព ក្នុងអាងទន្លេមេគង្គក្រោម នៅសណ្ឋាគារសុខាល័យអង្គរ ទីរួមខេត្តសៀមរាប ដឹកនាំដោយឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៣រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សា និងផ្តល់យោបល់៖ (១) ទៅលើនីតិវិធី និងវិធីសាស្រ្តនៃការបង្កើតសេណារីយ៉ូ (២) ការប្រមូលទិន្នន័យ និងគន្លឹះនៃការអភិវឌ្ឍន៍សេណារីយ៉ូ ក្នុងឆ្នាំ ២០០៧, ២០២០ និង ២០៤០ (៣) ធ្វើបច្ចុប្បន្នភាពលើការងាររបស់ជំនាញការថ្នាក់ជាតិពាក់ព័ន្ធនឹងការវាយតម្លៃផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំពុល និងសំណឹកដី។
អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់យ៉ាងផុសផុលពាក់ព័ន្ធការប្រមូលទិន្នន័យ ដោយតម្រូវឱ្យយកទិន្នន័យដែលមានស្រាប់មកពីប្រភពផ្សេងៗ ដើម្បីរៀបចំធ្វើសេណារីយ៉ូ ក្នុងឆ្នាំ ២០០៧, ២០២០ និង ២០៤០ ប៉ុន្តែសម្រាប់ការធ្វើសេណារីយ៉ូ រហូតទៅដល់ឆ្នាំ ២០៤០ នោះ គឺមានការលំបាកពាក់ព័ន្ធការប្រមូលទិន្នន័យ។ ការពិភាក្សាលើទិន្នន័យដែលត្រូវយកមកដំណើរការធ្វើសេណារីយ៉ូ ថាតើមានអ្វីខ្លះ ហើយត្រូវប្រមូលអ្វីខ្លះបន្ថែមទៀត ម្យ៉ាងវិញទៀតនៅក្នុងគម្រោងនេះមិនតម្រូវឱ្យមានការចុះប្រមូលទិន្នន័យតាមទីវាលទេ។ អង្គប្រជុំបានចង្អុលបង្ហាញ ក៏ដូចជាការណែនាំទៅដល់ក្រុមជំនាញការថ្នាក់ជាតិ ធ្វើយ៉ាងណាឱ្យការអនុវត្តការងាររបស់ខ្លួនអនុវត្តន៍ទៅដោយរលូន និងសម្រេចបាននូវលទ្ធផលដែលមានគុណភាព ភាពជឿជាក់ មានការទទួលស្គាល់ពីថ្នាក់ជាតិ និងដើម្បីផលប្រយោជន៍ជាតិ។ ក្រុមការងារ AIP របស់គណៈកម្មការទន្លេមេគង្គនឹងបន្តជួយជ្រោមជ្រែងផ្នែកបច្ចេកទេស ដល់ជំនាញការថ្នាក់ជាតិ ពាក់ព័ន្ធការធ្វើសេណារីយ៉ូនេះ និងស្នើសុំឱ្យជំនាញការថ្នាក់ជាតិទាំងអស់ធ្វើការទំនាក់ទំនងជាមួយជំនាញការអន្តរជាតិថ្នាក់តំបន់៕