Developed by Khmer Focus
សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តី​ពី ការ​ពង្រឹង​នូវ​ការ​យល់​ដឹង និង​ការ​ចូល​រួម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ (ថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៥)

(CNMC-ICBP)

សៀមរាប៖ គណៈ​​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ផ្សព្វ​ផ្សាយ​ស្តី​ពី ការ​ពង្រឹង​នូវ​ការ​យល់​ដឹង និង​ការ​ចូល​រួម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ ក្នុង​ក្រប​ខ័ណ្ឌ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុ​ជា (CNMC) និង​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​ការ​ចូល​រួម​ពី​តំណាង​មន្ត្រី​ថ្នាក់​ជាតិ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមា​ជិក សរុប​ចំនួន ២៥រូប។​

ឯកឧត្តម​ប្រធាន​អង្គ​សិក្ខា​សា​លា​បាន​មាន​ប្រសាសន៍​ថា៖ គោល​បំណង​សំខាន់​នៃ​សិក្ខា​សា​លា​គឺ ផ្សព្វ​ផ្សាយ​ឡើង​វិញ​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​ប្រទេស​ជា​សមា​ជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ (កម្ពុជា ឡាវ ថៃ និង​វៀតណាម) ដែល​បាន​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​នៃ​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​និរន្តរ​ភាព ការ​គ្រប់​គ្រង និង​ការ​អភិ​រក្ស​ធន​ធាន​ទឹក និង​ធន​ធាន​ដែល​ពាក់​ព័ន្ឋ​ក្នុង​អាង​ទន្លេ​មេគង្គ។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា៖ សិក្ខា​សា​លា​នេះ​ជា​វេទិកា​ចែក​រំលែក​ពី​ការ​យល់​ដឹង​អំ​ពី ការ​លើក​កម្ពស់​យន្ត​ការ​សម្រប​សម្រួល និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ជា​មួយ​ក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ និង​ពិភាក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​កិច្ច​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​បណ្តា​នីតិ​វិធី គោល​ការណ៍​ណែ​នាំ​បច្ចេក​ទេស យុទ្ធ​សាស្ត្រ​កម្ម​វិធី​នានា និង​ទិស​ដៅ​អនាគត​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ តាម​រយៈ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​អាង ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​សម្រាប់​ឆ្នាំ​២០១៦​-២០២០។

ឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថដា បាន​ធ្វើ​បទ​បង្ហាញ​ជូន​សិក្ខា​កាម​ចូល​រួម​អំ​ពី​ប្រវត្តិ​សង្ខេប និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង MRC និង CNMC និង​ជា​មួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អំ​ពី​ផល​ប្រយោជន៍​រូប​វ័ន្ត និង​មិន​រូបវ័ន្ត ផល​ប្រយោជន៍​សេដ្ឋកិច្ច-​ហិរញ្ញវត្ថុ និង​ផល​ប្រយោជន៍​ពី​សហ​ប្រតិ​បត្តិ​ការ​តំបន់ ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ MRC។ បង្ហាញ​ជូន​ពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិ​វិធី​ទាំង ៥ ព្រម​ទាំង​ចំណុច​ខ្វះ​ខាត និង​ការ​លំបាក​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​​នេះ និង​ជម្រាប​ជូន​ផង​ដែរ​អំ​ពី ការ​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ និង​ហិរញ្ញ​វត្ថុ​របស់ MRC ក្នុង​ពេល​ដំណើរ​ការ​ពី​មជ្ឈការ​ទៅ​វិមជ្ឈការ​មុខ​ងារ​ស្នូល​គ្រប់​គ្រង​អាង​ទន្លេ ដោយ​អនុលោម​តាម​សេចក្តី​ថ្លែង​ការណ៍​នៃ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១ និង​លើក​ទី​២ របស់ MRC ប្រមុខ​រដ្ឋា​ភិបាល​ប្រទេស​ជា​សមា​ជិក​ទាំង​បួន កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែល​បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​មុត​មាំ​លើ​ស្វ័យ​ភាព​ហិរញ្ញ​វត្ថុ​នៅ​ឆ្នាំ​២០៣០៕