Developed by Khmer Focus
ពិធី​អប​អរ​សាទរ​ខួប​ឆ្នាំ​ទី ២០ នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ ១៩៩៥-​២០១៥ (ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៦)

(MRC-Council)

ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៦ នៅ​សណ្ឋា​គារ អ៊ីន​ធើ​ខន​ធីណិន​ថល ភ្នំពេញ បាន​ប្រារព្វ​ពិធី​អប​អរ​សាទរ​ខួប​ឆ្នាំ​ទី​២០ នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ (១៩៩៥-​២០១៥) ដោយ​គិត​ចាប់​ពី​ឆ្នាំ​បង្កើត​គណៈ​កម្មការ​ទន្លេ​មេគង្គ (Mekong River Commission) ដោយ​កិច្ច​ព្រម​ព្រៀង​មេគង្គ (Mekong Agreement) ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម នៅ​ទី​ក្រុង​ឈៀងរ៉ៃ ប្រទេស​ថៃ នា​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​១៩៩៥ ស្តី​អំ​ពី កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព នៃ​អាង​ទន្លេ​មេគង្គ។ ពិធី​នេះ​បាន​ប្រារព្វ​ធ្វើ​ឡើង នៅ​ក្នុង​អំឡុង​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ លើក​ទី​២២ និង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ ជា​មួយ​ក្រុម​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍ លើក​ទី​២០ ដោយ​បាន​ឆ្លុះ​បញ្ចាំង​អំ​ពី​ការ​វិវត្ត និង​ភាព​ជោគ​ជ័យ នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់។

ឯកឧត្តម លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ (Chairman of MRC Council) បាន​ថ្លែង​ថា “ពេល​វេលា​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស ហើយ​ប្រសិន​បើ​យើង​មើល​ត្រឡប់​ក្រោយ​វិញ នៅ​ពេល​ដែល​គណៈ​កម្មការ​ទន្លេ​មេគង្គ​ត្រូវ​បាន​បង្កើត​ឡើង​នោះ វា​ជា​ការ​លំបាក​ក្នុង​ការ​ជឿ​ថា យើង​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​តាម​គន្លង​នៃ​ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​ធន​ធាន​ទឹក និង​ធន​ធាន​ដែល​ពាក់​ព័ន្ធ​ដទៃ​ទៀត នៃ​អាង​ទន្លេ​មេគង្គ ដែល​បាន​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ក្រោម និង​ប្រជា​ជន​របស់​ខ្លួន"។

រយៈ​ពេល​ជាង​ពីរ​ទសវត្ស​កន្លង​មក​នេះ ប្រទេស​ជា​សមា​ជិក​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ជំនួយ​ហិរញ្ញ​វត្ថុ​ពី​ដៃ​គូ​អភិវឌ្ឍន៍ បាន​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំបន់ និង​ជា​មួយ​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា រួម​ទាំង​ការ​ពង្រឹង​ចំណង​ទាក់​ទង និង​កិច្ច​សហ​ការ​ជា​មួយ​អង្គ​ការ​អាង​ទន្លេ​ដទៃ​ទៀត។ ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ ប្រទេស​ទាំង​បួន​ដែល​ស្ថិត​នៅ​អាង​ទន្លេ​មេគង្គ​ក្រោម សម្រេច​បាន​ជោគ​ជ័យ​ថ្នាក់​តំបន់​គួរ​ឱ្យ​កត់​សម្គាល់​ដូច​ជា ការ​ព្យាករណ៍​ទឹក​ជំនន់ ការ​ត្រួត​ពិនិត្យ​ជល​ផល ការ​លើក​កម្ពស់​សេរី​ភាព នៃ​ការ​ធ្វើ​នាវាចរ ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​គុណ​ភាព​ទឹក និង​ការ​បន្ស៊ាំ​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ។ សមិត្ធិ​ផល​ធំ​បំផុត​គឺ ការ​បង្កើត​ឡើង​នូវ​នីតិ​វិធី​ចំនួន​៥ សម្រាប់​ការ​ប្រើ​ប្រាស់​ទឹក គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០១។ ដែល​នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​ប្រទេស​ស្ថិត​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម មាន​ច្បាប់​គ្រប​ដណ្ដប់​លើ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន ការ​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ទឹក និង​ការ​ពិគ្រោះ​យោបល់​គ្នា លើ​ការ​ប្រើ​ប្រាស់​ទឹក​ទន្លេ​មេគង្គ ការ​រក្សា​លំហូរ​ទឹក និង​គុណ​ភាព​ទឹក។

បញ្ហាទឹក និង​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដទៃ​ទៀត បាន​ក្លាយ​ជា​របៀបវារៈ​នយោបាយ​កំពូល របស់​នាយក​រដ្ឋ​មន្ត្រី នៃ​ប្រទេស​ទាំង​បួន ហើយ​ដែល​ឥឡូវ​នេះ​បាន​កំណត់​ជា​កិច្ច​ប្រជុំ​កំពូល (MRC Summit) នៅ​រៀង​រាល់​បួន​ឆ្នាំ​ម្តង៕