(CNMC)
ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអនុញ្ញាតិឱ្យលោក ផាម ទួន ផាន (Pham Tuan Phan) ជានាយកប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គទីមួយ ដែលបានជ្រើសចេញពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ។
នៅក្នុងជំនួបខាងលើនេះ ក្រោយពីបានសម្តែងការអបអរសាទរដល់ការចូលកាន់តំណែងជា នាយកប្រតិបត្តិថ្មី របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកបញ្ហាប្រឈមសំខាន់ៗ ហើយបន្ទាន់មួយចំនួន ក៏ដូចជាបញ្ហាដែលមានលក្ខណៈយុទ្ធសាស្រ្ត សម្រាប់ស្ថាប័នមកពិភាក្សា និងផ្តល់ការណែនាំ ក៏ដូចជាក្រើនរំលឹកនាយកប្រតិបត្តិថ្មី របស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ឱ្យផ្តោតការយកចិត្តទុកដាក់ និងប្រឹងប្រែងដោះស្រាយជាអាទិ៍រួមមាន៖
១. ពង្រឹងការចាត់ចែង ការគ្រប់គ្រង និងការដឹកនាំលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីអនុវត្តរាល់សេចក្តីសម្រេចនានា ដែលបានអនុម័តដោយគណៈកម្មាធិការរួម និងដោយក្រុមប្រឹក្សារបស់គណៈកម្មការទន្លេមេគង្គ ដើម្បីធានាឱ្យដំណើរការអន្តរកាល នៃការអនុវត្តន៍កំណែទម្រង់ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
២. បង្កើនការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដល់ការគៀងគរថវិកា ជំនួយពីបណ្តាដៃគូអភិវឌ្ឍន៍ ក៏ដូចជាអង្គការអាងទន្លេនានា ដើម្បីធានាបានថវិកាគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ការអនុវត្តន៍ផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ ផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ និងផែនការប្រចាំឆ្នាំ២០១៦ របស់គណៈកម្មការទន្លេមេគង្គ។
៣. យកចិត្តទុកដាក់ តាមដាន និងរាយការណ៍លើការវិវត្តថ្មី ចំពោះគម្រោងការប្រើប្រាស់ទឹកទន្លេមេគង្គនៅតាមបណ្តាប្រទេសជាសមាជិក ជាពិសេសគម្រោងអភិវឌ្ឍវារីអគ្គិសនីនៅលើទន្លេមេ និងការបង្វែរទឹកពីទន្លេមេគង្គ ពីព្រោះថា លេខាធិការដ្ឋានមានតួនាទីជាសេនាធិការបច្ចេកទេស និងរដ្ឋបាលដើម្បីជួយដល់បណា្តប្រទេសជាសមាជិក ដូច្នេះក្នុងនាមជានាយកប្រតិបត្តិគឺ ត្រូវរក្សាភាពមិនលម្អៀង រហ័សរហួនក្នុងការធ្វើវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មាននានា ដែលចុះផ្សាយក្នុងប្រព័ន្ធផ្សព្ធផ្សាយ និងត្រូវផ្តល់ព័ត៌មាន ក៏ដូចជារបាយការណ៍ដល់បណ្តាប្រទេសជាសមាជិក ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
ជាការឆ្លើយតបលោក ផាម ទួន ផាន បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិឱ្យលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសចំពោះការក្រើនរំលឹក និងមតិណែនាំប្រកបដោយអត្ថន័យ និងមានលក្ខណៈជាយុទ្ធសាស្រ្ត ហើយបានសន្យាថា ក្នុងនាមលោកជានាយកប្រតិបត្តិ នឹងខិតខំប្រឹងប្រែងអនុវត្តឱ្យអស់ពីសមត្ថភាព នូវរាល់បណ្តាអនុសាសន៍ដែលបានផ្តល់ដោយឯកឧត្តមរដ្ឋមន្ត្រី៕