(MRC-CS)
វៀងច័ន្ទ៖ តំណាងក្រុមការងារ របស់ប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (MRC) កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្រ្តីលេខាធិការដ្ឋាន MRC ប្រចាំទីក្រុងវៀងច័ន្ទ និងទីក្រុងភ្នំពេញ និងជំនាញការអន្តរជាតិ ដែលមានចំនួន ២៧រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់ស្តីពី ការសិក្សារបស់ក្រុមប្រឹក្សា MRC (Council Study) លើការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃទន្លេមេគង្គ រួមទាំងផលប៉ះពាល់ បណ្តាលមកពីការអភិវឌ្ឍវារីអគ្គិសនី ក្នុងអាងទន្លេមេគង្គ នៅលេខាធិការដ្ឋាន MRC ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
កិច្ចប្រជុំបានដំណើរការ ដោយបានស្តាប់បទបង្ហាញពីការវិវត្តរីកចម្រើន និងអំពីលទ្ធផលនៃការសិក្សា និងបានពិភាក្សាពីផែនការសម្រាប់បន្តការសិក្សា Council Study សម្រាប់តំណាក់កាលទី២ និងពិនិត្យលើការវិវត្តនៃការសិក្សា និងការវិភាគលើវិស័យពាក់ព័ន្ធក្នុងពេលកន្លងមក។
លទ្ធផលនៃកិច្ចប្រជុំ
- អង្គប្រជុំបានវាយតម្លៃអំពី ការខិតខំធ្វើការងាររួមគ្នា រវាងក្រុមការងារសិក្សា ដែលមានជំនាញការអន្តរជាតិ ជំនាញការជាតិ និងជាមួយប្រទេសជាសមាជិក តាមផ្នែកសំខាន់ៗ តាមរយៈរបាយការណ៍បណ្តោះអាសន្ត
- អង្គប្រជុំបានឯកភាពលើបញ្ហាប្រឈម ចំពោះការខ្វះខាតថវិកាសម្រាប់ឆ្នាំបន្ត ហើយបានអនុម័តជម្រើសថ្មី ដែលតម្រូវធ្វើការកែលំអនូវទំហំការសិក្សា កាត់បន្ថយសកម្មភាពមួយចំនួន និងការជ្រើសរើសជំនាញការជាតិ ជំនួសជំនាញការអន្តរជាតិ
- អង្គប្រជុំបានឯកភាពជាគោលការណ៍ លើសមាសភាពក្រុមការងារថ្មី ដែលនឹងមានការជ្រើសរើស និងចែងភារកិច្ចច្បាស់លាស់
- អង្គប្រជុំបានកត់សម្គាល់នៃតម្រូវការរួមមានចំណេះដឹង-ជំនាញ និងការចែករំលែកចំណេះដឹង តាមរយៈការបណ្តុះបណ្តាលសមត្ថភាព លើការសិក្សានេះ សម្រាប់ប្រទសជាសមាជិក ប៉ុន្តែបច្ចុប្បន្នត្រូវខកខានដោយកង្វះខាតថវិកា
- អង្គប្រជុំបានស្នើសុំប្រទេសជាសមាជិក ពិនិត្យផ្តល់យោបល់លើឯកសាររបាយការណ៍សិក្សា តាមរយៈដំណើរការរៀបចំសិក្ខាសាលាថ្នាក់ជាតិបានឆាប់រហ័ស
- អង្គប្រជុំបានវាយតម្លៃអំពីសារសំខាន់ និងផលប្រយោជន៍នៃការរៀបចំរបាយការណ៍ វាយតម្លៃសេណារីយ៉អភិវឌ្ឍន៍ ដែលបន្តពីផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គ ក្នុងឆ្នាំ២០១៤ កន្លងមក ដែលនឹងបន្តរៀបចំបន្ថែមជាមួយក្របខ័ណ្ឌវាយតម្លៃសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ដែលនឹងត្រូវដាក់បញ្ចូលក្នុងរបាយការណ៍បច្ចេកទេសបណ្តោះអាសន្ន តាមប្រធានបទពាក់ព័ន្ធ រួមមាន វិស័យវារីអគ្គិសនី ធារាសាស្ត្រ ការការពារទឹកជំនន់ និងការបម្រែបម្រួលអាកាសធាតុជាដើម ក្នុងតំបន់ទន្លេមេគង្គ
អង្គប្រជុំបានពិនិត្យ និងឯកភាពជារួម លើសំណើផែនការសិក្សា ជាមួយថវិកាសម្រាប់តំណាក់កាលទី២ នៃការសិក្សា ការរៀបចំកិច្ចប្រជុំការងារជំនាញ ដោយប្រើប្រាស់ថវិកាមានស្រាប់ និងថវិកាដែលដៃគូអភិវឌ្ឍន៍រំពឹងផ្តល់ (ប៉ុន្តែនៅតែកំពុងប្រឈមនឹងកង្វះថវិកា) ដែលនឹងបញ្ចប់ក្នុងឆ្នាំ២០១៧ ខាងមុខ៕