Developed by Khmer Focus
សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ឯក​សារ​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ ឆ្នាំ ២០១៦-២០២០ (ថ្ងៃទី ០៥-០៦ ខែឧសភា ឆ្នាំ២០១៦)

ព្រះសីហនុ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដី​ពី សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​ឯក​សារ​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ ឆ្នាំ​២០១៦-​២០២០ ក្រោម​ការ​ទ្រទ្រង់​ថវិកា និង​ជំនួយ​បច្ចេក​ទេស​ពី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​សាល​ប្រជុំ​សណ្ឋា​គារ​ឆ្នេរ​ថ្មី ក្រុង​ព្រះសីហនុ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ស្ថាប័ន​ជំនាញ និង​ទី​ប្រឹក្សា​ជាតិ​សម្រាប់​រៀប​ចំ​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ។

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​នេះ មាន​គោល​បំណង​សំខាន់​ដើម្បី​ជម្រាប​ជូន និង​រួម​គ្នា​ពិនិត្យ​លើ​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ឯក​សារ​ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ (National Indicative Plan - NIP) ឆ្នាំ២០១៦-​២០២០ និង​ឯក​សារ​សង្ខេប​នៃ​គម្រោង​ដែល​មាន​ភ្ជាប់​ក្នុង​ឯក​សារ NIP។ NIP ក៏​ជា​ផែន​ការ​ជាតិ ដែល​ផ្តល់​ឱកាស​សម្រាប់​ប្រទេស​នីមួយៗ ទទួល​ខុស​ត្រូវ​ចំពោះ​កលានុវត្ត​ភាព​អភិវឌ្ឍន៍ និង​អាទិភាព​ជា​យុទ្ធសាស្ត្រ​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អាង​ទន្លេ របស់​​គណៈ​កម្មការ​ទន្លេ​មេគង្គ។ NIP នឹង​បំពេញ​បន្ថែម​ដល់​ផែន​ការ​ជាតិ ដែល​មាន​បណ្តា​គម្រោង​រួម និង​គម្រោង​ជាតិ​ដែល​មាន​ផល​សំខាន់​សម្រាប់​អាង​ទន្លេ​ទាំង​មូល ដែល​នឹង​ត្រូវ​អនុវត្ត​ដើម្បី​បង្កើន​សន្តិ​សុខ​ទាក់​ទង​នឹង​ទឹក ការ​ចែក​រំលែក​ផល​ប្រយោជន៍ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​តំបន់​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម។ សិក្ខា​សា​លា​ក៏​នឹង​សម្រេច​បាន​លទ្ធ​ផល​លំអិត តាម​របៀប​វារៈ ដូច​បាន​គ្រោង​ទុក​ផង​ដែរ ក្នុង​នោះ​នឹង​បាន​ជម្រាប​ជា​ពិស្តារ​អំពី​អត្ថន័យ និង​ខ្លឹម​សារ NIP ទទួល​បាន​មក​វិញ​នូវ​មតិ​យោបល់​ដើម្បី​កែ​លំអ​ឯកសារ ព្រម​ទាំង​មតិ​យោបល់​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៃ​ការ​ចូល​រួម​អនុវត្ត NIP នា​ពេល​ខាង​មុខ៕