វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី វិធានការផ្លាស់ប្តូរផ្នែកអភិបាលកិច្ចកម្មវិធីទឹកមេគង្គ ដែលបានរៀបចំដោយនាយកដ្ឋានកិច្ចការបរទេស និងជំនួញ (DFAT) របស់ប្រទេសអូស្រ្តាលី នៅសាលប្រជុំនៃស្ថានទូតអូស្រ្តាលី ប្រចាំទីក្រុងវៀងច័ន្ទ។ មានសិក្ខាកាមចូលរួមចំនួន ២១រូប ជាមន្រ្តីតំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឡាវ ថៃ និងវៀតណាម មន្រ្តីលេខាធិការដ្ឋាន MRC មន្រ្តី DFAT និងមន្រ្តីអង្គការក្រៅរដ្ឋភិបាល និងក្រុមសិក្សាស្រាវជ្រាវដែលទទួលគម្រោងក្រោមជំនួយ DFAT របស់ប្រទេសអូស្ត្រាលី។
សិក្ខាសាលាបានផ្តល់នូវចំណេះដឹង ដែលផ្សារភ្ជាប់នឹងទស្សនៈផ្លាស់ប្តូររបៀបអភិបាលកិច្ចផ្នែកទឹក លើការគ្រប់គ្រងគម្រោង និងកម្មវិធីផ្អែកតាមទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមក្របខ័ណ្ឌកថភាព និងខ្សែសង្វាក់នៃលទ្ធផល និងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃគម្រោង និងកម្មវិធី។ សិក្ខាកាមទាំងអស់បានយល់ដឹងយ៉ាងក្បោះក្បាយ អំពីក្របខ័ណ្ឌផ្លាស់ប្តូរ ដើម្បីធានានិរន្តរភាពកម្មវិធីគម្រោង ការប្រើប្រាស់ប្រព័ន្ធ M & E សម្រាប់អនុវត្តន៍ផែនការចង្អុលថ្នាក់ជាតិ (NIP) នៅក្នុងកម្រិតជាតិ និងតំបន់ និងកម្មវិធីដែលប្រទេសអូស្រ្តាលីគាំទ្រថវិកា តាមរយៈ DFAT ត្រូវបានស្នើសុំយកការយល់ដឹងពីសិក្ខាសាលា ត្រៀមរៀបចំជាស្រេចក្នុងកម្រិតជាតិ (គណៈកម្មាធិការជាតិទន្លេមេគង្គ) កម្រិតតំបន់ (លេខាធិការដ្ឋាន MRC) នូវព័ត៌មានសម្រាប់មន្រ្តីបេសកកម្មចុះវាយតម្លៃរបស់ DFAT ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦៕